ព័ត៌មានទាន់ហេតុការណ៍៖

ចុះបង្ក្រាបគ្រឿងញៀន ជនសង្ស័យដណ្តើមបានកាំភ្លើងបានបាញ់រះ៥គ្រាប់ ត្រូវប្រជាពលរដ្ឋ របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់រងរបួសធ្ងន់ ខណៈសមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនតែត្រូវបានក្រុមជនសង្ស័យដង្ដើមកាំភ្លើងបានរួចបានបាញ់រះចំនួន៥គ្រាប់ បណ្ដាលឱ្យស្ត្រីចំណាស់ម្នាក់រងរបួសត្រូវស្មាស្តាំ និងនារីម្នាក់ទៀតរងរបួសត្រូវដើមដៃស្តាំ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹក ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅតាមផ្លូវលំ តំបន់សម្បុកគ្រឿងញៀន គោកបញ្ជាន់ ភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះ ដោយត្រូវជនសង្ស័យធ្វើការបាញ់ប្រហារខាងលើ ទី១ ឈ្មោះ ទេព សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅកន្លែងកើតហេតុ របួសត្រូវស្មាស្តាំ ។

 ទី២ ឈ្មោះ វ៉ា ចាន់សេរីរ័ត្ន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅកន្លែងកើតហេតុ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា តំបន់ គោកបញ្ជាន់នាពេលបច្ចុប្បន្ន ក្នុងខណ្ឌពោធិ៍សែនជ័យ ជាប់ចំណាត់ថ្នាក់ ល្បីខាង  ជក់ លក់ គ្រឿងញៀន មិនចាញ់ បឹងឈូក មុខមន្ទីរពេទ្យលោកសង្ឃកន្លងមក ចាប់លែងៗ ចាប់មិនចេះអស់ ហើយមុនកើតហេតុ ខណៈដែលកម្លាំងសមត្ថកិច្ច បង្ក្រាបគ្រឿងញៀនអគ្គស្នងការនគរបាលជាតិ មួយក្រុម៥ទៅ៦នាក់ ចុះទៅបង្ក្រាបគ្រឿងញៀននៅចំណុចខាងលើ ភ្លាត់ស្នៀត ត្រូវបានជនសង្ស័យគ្រឿងញៀនម្នាក់ឈ្មោះ ជីវ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ វាយតដៃដណ្តើមកាំភ្លើងពីដៃសមត្ថកិច្ច បាញ់សំដៅលើសមត្ថកិច្ច១គ្រាប់ ត្រូវដៃរបួសម្នាក់ ផ្អើលឆោឡោ ជនសង្ស័យរត់ សមត្ថកិច្ចដេញតាមចាប់ ត្រូវបានជនសង្ស័យបាញ់រះ៤គ្រាប់ ទៀត បណ្តាលឲ្យត្រូវចំទ្វារដែកធ្លាយ របួសស្ត្រីម្នាក់កំពុងនៅក្នុងផ្ទះ និងត្រូវចំនារីម្នាក់កំពុងអង្គុយនៅមុខផ្ទះ រីឯជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដណ្តើមយកកាំភ្លើងបានវិញ ។

ពលរដ្ឋបន្តទៀតថា ក្រោយពីចាប់ខ្លួនជនសង្ស័យ ដណ្តើមយកកាំភ្លើងបានវិញ សមត្ថកិច្ចនាំឡើងរថយន្ត នាំគ្នាបើកយកចេញទៅអស់ បន្សល់ទុកតែប្រជាពលរដ្ឋរងរបួស២នាក់ ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យរៀងខ្លួន ស្ត្រីចំណាស់ ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកនារីរងគ្រោះត្រូវបានដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ។

ហេតុការណ៍ផ្ទុះអាវុធ ផ្តើមចេញពីកម្លាំងសមត្ថកិច្ចចុះទៅបង្ក្រាបគ្រឿងញៀន ត្រូវបានជនសង្ស័យតដៃដណ្តើមបានកាំភ្លើងបាញ់រះខាងលើ សមត្ថកិច្ចមូលដ្ឋានបានចុះទៅសាកសួរ ដល់ទីតាំងកើតហេតុ រួចបន្តទៅតាមសាកសួរជនរងគ្រោះនៅមន្ទីរពេទ្យ រីឯកម្លាំងមួយក្រុម ដែលពលរដ្ឋអះអាងថា នគរបាលប្រឆាំងគ្រឿងញៀន អគ្គស្នងការនគរបាលជាតិ ក្រោយពីឃាត់បានជនសង្ស័យនាំគ្នាចាកចេញទៅបាត់អស់ ៕

ដោយ៖ ស សម


ចែករំលែក៖