ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៦៤ ចាប់ពីឃុំស្រយ៉ង់ក្នុងខេត្តព្រះវិហារឆ្ពោះមកកាន់ខេត្តសៀមរាប ក៏ដូចជាអ្នករត់តាក់ស៊ីផងដែរនាំគ្នារអ៊ូរទាំពីរឿងរថយន្តធុនធំៗដែលដឹកជញ្ជូនថ្មររបស់ក្រុមហ៊ុនចិនបើកឆ្លងកាត់កំណាត់ផ្លូវជាតិនេះ ក្នុងមួយថ្ងៃៗរាប់សិបគ្រឿងបានបង្ករំខានដល់អ្នកធ្វើដំណើរឆ្លងកាត់ដូចជាធូលីដីហុយខ្លាំងនិងបង្កគ្រោះថ្នាក់ផ្សេងៗជាច្រើនលើក។ករណីនេះអាជ្ញាធរមូលដ្ឋានក៏ដូចជាសមត្ថកិច្ចហាក់គ្មានចំណាត់ការឬធ្វើការនែនាំនោះឡើយ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមបើកបររថយន្តខ្នាតយក្សដឹកថ្មរបស់ក្រុមហ៊ុនចិនបើកបររថយន្តក្នុងល្បឿនលឿន បង្កឲ្យហុយដីមើលផ្លូវពុំឃើញ ពេលខ្លះជ្រុះកម្ទេចថ្មមកលើផ្លូវជាតិឬត្រូវកញ្ចក់រថយន្តអ្នកធ្វើរដំណើរតាមដងផ្លូវក៏មានដែរ ។ ជាមួយនេះប្រសិនបើមានបញ្ហាម្តងៗក្រុមនេះមិនទទួលខុសត្រូវនោះទេ ហើយ អ្នករងគ្រោះបានត្រឹមតែឈរមើលរថយន្តដែលបង្កនោះបើកទៅមុខយ៉ាងរំភើយតែប៉ុណ្ណោះ ។
ប្រជាពលរដ្ឋបានលើកឧទាហរណ៍ជាក់ស្ដែងដូចជានៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២២នាពេលថ្មីៗកន្លងមកនេះក្រុមរថយន្តដឹកថ្មនៅលើកំណាត់ផ្លូវជាតិខាងលើនោះ បានផ្ទុកកម្ទេចថ្មមានកម្ពស់ខ្ពស់ហួសប្រមាណដោយមិនយកតង់គ្របពីលើនោះទេ។ ករណីនេះបណ្តាលឲ្យជ្រុះកម្ទេចថ្មមកត្រូវកញ្ចក់រថយន្ត អ្នកធ្វើដំណើរបណ្តាលឲ្យបែកប្រេះស្រាំនិងហុយមើលផ្លូវពុំឃើញ ហើយក្រុមរថយន្តដឹកថ្មទាំងនោះមិនបានឈប់សួរនាំឬមកទទួលខុសត្រូវនោះឡើយ។
ភាពមិនទទួលខុសត្រូវរបស់ក្រុមហ៊ុនខាងលើនេះប្រជាពលរដ្ឋសូមសំណូមពរដល់ ថ្នាក់ដឹកនាំក្នុងខេត្តសៀមរាប ជាពិសេសលោក ទៀ សីហា អភិបាលនៃគណ:អភិបាលខេត្ត សៀមរាប មេត្តាជួយចាត់វិធានការ ឲ្យមន្ត្រីជំនាញចុះមកមើលពីសកម្មភាពរបស់ក្រុមដឹកថ្មខាងលើនេះផង៕
ដោយ ៖ ប្រាថ្នា