ខេត្តកណ្តាល ៖ នៅភូមិគ្រឹះផ្ទះតាខ្មៅ នាព្រឹកថ្ងៃអង្គារ៍ទី០៤ ខែមករា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី។
នៅក្នុងជំនួបតាមទូរស័ព្ទនោះ លោក Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ លោកក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២នេះ។ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា លោកនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាអោយសម្ដេចតេជោទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ លោក Joko Widodo និងបានជូនពរលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះលោក ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជាក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណសារជាថ្មី ចំពោះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបកាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្ដែងនូវការកោតសរសើរនូវភាពសកម្មរបស់ឥណ្ឌូនេស៊ីក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនក្នុងការកសាងសហគមន៍អាស៊ានដែលថ្មីៗនេះមានដូចជា ៖
ទី១)ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជាឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន
ទី២)ការរៀបចំច្រកធ្វើដំណើរក្នុងតំបន់អាស៊ានឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺកូវីដ១៩ រាតត្បាត
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ លោក Joko Widodo ចំពោះការជូនពរចំពោះការសំដែងនូវការគាំទ្រកម្ពុជាក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ៕
ដោយ ៖ សុខ ខេមរា