ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិអបអរសាទរ និងគាំទ្រដល់ការប្រកាសរួមរបស់មហាអំណាចបរមាណូទាំង៥

ចែករំលែក៖

ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិបានស្វាគមន៍ប្រទេសចិន រុស្ស៊ី ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងបារាំង ក្នុងការចេញសេចក្តីថ្លែងការណ៍រួមមួយដោយយល់ព្រមក្នុងការទប់ស្កាត់ការរីកសាយភាយអាវុធបរមាណូ និងហានិភ័យនៃសង្គ្រាមបរមាណូ។
សារព័ត៌មាន Sputniknews បានផ្សាយថា ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Abdulla Shahid បានស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី៣ខែមករា របស់សមាជិកអចិន្ត្រៃយ៍ទាំងប្រាំនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាបរមាណូ។
សេចក្តីថ្លែងការណ៍រួមប្រកាសដោយលោកStephane Dujarric អ្នកនាំពាក្យនៃអគ្គលេខាធិការអង្គការសហប្រជាជាតិបានគូសបញ្ជាក់នៅថ្ងៃទី៣ខែមករា (ពេលវេលានៅញូវយ៉ក) ថា «លោកអគ្គលេខាធិការ Antonio Guterres ស្វាគមន៍ចំពោះសេចក្តីថ្លែងការណ៍រួមដោយបណ្តារដ្ឋនុយក្លេអ៊ែរ ទៅលើការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ និងការរត់ប្រណាំងសព្វាវុធ»។
បណ្ដាប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥បានសន្យាថា នឹងទប់ស្កាត់ការរីកសាយអាវុធនុយកេ្លអ៊ែរ និងបញ្ចៀសឱ្យបាននូវរាល់ជម្លោះ ឬសង្រ្គាមនុយក្លេអ៊ែរ នៅក្នុងសេចក្ដីថ្លែងការណ៍រួមដ៏កម្រមួយ ប្រឈមមុខនឹងភាពតានតឹងសព្វថ្ងៃរវាងលោកខាងលិច នឹងលោកខាងកើត។
នៅក្នុងសេចក្ដីថ្លែងការណ៍ខាងលើ ដែលចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ប្រទេសមហាអំណាចនុយក្លេអ៊ែរទាំង៥ រួមមាន ចិន, បារាំង, រុស្ស៊ី, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បានបញ្ជាក់ដូច្នេះថា «យើងជឿជាក់យ៉ាងមុតមាំថា ការរីកសាយអាវុធនុយក្លេអ៊ែរត្រូវតែទប់ស្កាត់នៅពេលអនាគត។ គ្មាននរណាម្នាក់អាចឈ្នះនៅក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយក៏មិនត្រូវឱ្យសង្រ្គាមបែបនេះ កើតឡើងនោះដែរ»៕ ដោយ៖ធីរីណា

រូបថត៖THX/VNA


ចែករំលែក៖