ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីវេលាម៉ោង៤និង៥៥នាទីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចក្នុងផ្ទះសំណាក់បឹងមាស ផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ចំពោះការឃាត់ខ្លួននេះ គឺយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សំ ប៊ុនពៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩កន្លងទៅ។
ជនសង្ស័យឈ្មោះ Huang Hsiao Hsien ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិ ចិន មុខរបរម៉ៅការសំណង់ ស្នាក់នៅផ្ទះលេខ ១.៧៩ ផ្លូវលេខ២០០៤ ច្រកឌួងងៀប២ សង្កាត់អូរបែកក្អម ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
ចំណែកសម្ភារចាប់យកមានរថយន្ត១គ្រឿងម៉ាកCorolla ពាក់ស្លាកលេខ ២U-០២១៥។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖សហការី