ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង)មួយភូមិ ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា អ្នកលក់ផលិតផលអនឡាញល្បីឈ្មោះមួយរូប ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។ នេះបេីយោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង (ពូនង) បានធ្វេីឡើងកាលពីថ្ងៃចន្ទទី០៣ ខែមករា ឆ្នាំ២០២២។
ជាក់ស្ដែងនៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋ បានដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី៣ ខែមករា ឆ្នាំ ២០២២ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់យ៉ាងដូច្នេះថា៖ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១កន្លងទៅថ្មីៗនេះ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណាDana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និយាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យ ទៅកាន់អតីតថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។ ខណៈដែលជម្លោះបែកបាក់គ្រួសាររបស់អ្នកស្រី ទ្រី ដាណា មិនទាន់ចប់ផុតរលត់បាត់ស្ងប់ផង ស្រាប់តែអ្នកស្រី ទ្រី ដាណា មកជេរប្រមាថសាធាណៈមើលងាយទៅលើប្រជាជនដេីមភាគតិចបន្ថែមទៀត។
មិនតែប៉ុណ្ណោះ បានធ្វើឱ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួមព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានសាលាដំបូងខេត្តមណ្ឌលគិរី ដោយទាមទារជំងឺចិត្តមានដូចខាងក្រោម៖
ទី១. សុំឱ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។
ទី២. សុំឱ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។
ទី៣. សុំឱ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់។
ដោយឡែកជុំវិញករណីនេះដែរ នៅព្រឹកថ្ងៃអង្គារទី០៤ ខែមករា ឆ្នាំ២០២២នេះ អង្គភាពកាសែតនគរវត្ត និងគេហទំព័រនគរដ្រេហ្គន មិនអាចសុំការបំភ្លឺពីអ្នកស្រី ទ្រី ដាណា បានទេ៕
សូមអានព័ត៌មានលម្អិតនៅក្នុងលិខិតរបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង (ពូនង) មានដូចខាងក្រោម៖
ដោយ៖ស តារា