ព័ត៌មានទាន់ហេតុការណ៍៖

ម្ដាយស្រឡាំងកាំង ប្រទះឃើញកូនប្រុសលង់ទឹកស្រះ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការស្រែកឆោឡោនិងទ្រហោយំពីសំណាក់ម្ដាយបន្ទាប់ពីប្រទះឃើញកូនប្រុសលង់ទឹកស្រះក្នុងភូមិខាងត្បូងផ្ទះចំងាយប្រហែល៥០ម៉ែត្រខណៈជាប់រវល់មានការធ្វេសប្រហែសមួយប៉ព្រិចភ្នែក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣៥នាទីល្ងាចថ្ងៃទី០៣ខែមករាឆ្នាំ២០២២ស្ថិតនៅចំណុចភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាក្មេងប្រុសខាងលើមានឈ្មោះ ជុំ សេរីរាជ អាយុ០២ខួបរស់នៅភូមិស្វាយអាណាតឃុំញរ ស្រុកកំពង់រោទិ៍។

បើតាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុគេឃើញម្ដាយបានដាក់ឱ្យកូនដើរលេងមុខផ្ទះដូចសព្វដងខណៈជាប់រវល់ការងារផ្ទះក្រោយមកប្រមាណកន្លះម៉ោងក៏បានស្រែកហៅកូនដោយមិនឃើញលឺសូរមាត់ក៏ដើររកជុំវិញផ្ទះស្រាប់តែមានការភ្ញាក់ផ្អើលឃើញកូនលង់ទឹកស្រះក្នុងភូមិខាងត្បូងផ្ទះចំងាយប្រហែល៥០ម៉ែត្រនិងហៅអ្នកភូមិនាំគ្នាជួយស្រង់ដាក់លើគោកធ្វើចលនាដៃជើងតែអកុសលហួសពេលទៅហើយ។

អ្នកភូមិក៏បានស្ដីបន្ទោសដល់ឪពុកម្តាយមិនគួរណាមានការធ្វេសប្រហែសទុកកូនតូចនៅផ្ទះម្នាក់ឯងបណ្ដាលឱ្យមាន វិបដ្បិសារី អស់មួយជីវិត។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលនិងសោកសង្រេងបំផុត ៕

ដោយ៖យឹម សុថាន


ចែករំលែក៖