ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចូលក្រសោបអ្នកប្រើប្រាស់គ្រឿងញៀនដល់ក្នុងហាងខារ៉ាអូខេឃាត់មនុស្សប្រុសស្រី១៥នាក់និងថ្នាំញៀនមួយចំនួន

ចែករំលែក៖

     ខេត្តបាត់ដំបង ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យ បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះប្រតិបត្តិការ បង្ក្រាបបានករណីចាត់ចែងឱ្យប្រើប្រាស់ សម្រួលឱ្យប្រើប្រាស់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទល្មើសជាក់ស្ដែងដោយឃាត់ខ្លួនមនុស្សប្រុសស្រីបានចំនួន១៥នាក់ ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននេះប្រព្រឹត្តទៅនៅយប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១ និង ៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅក្នុងទីតាំងខារ៉ាអូខេមួយកន្លែង ស្ថិតនៅចំណុចក្រុមទី១៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ក្រៅពីឃាត់មនុស្ស១៥នាក់ សមត្ថកិច្ចនៅបានដកហូតវត្ថុតាងរួមមាន៖

-ថ្នាំញៀនប្រភេទកេតាមីន (KETAMINE) ចំនួន ០១ថង់ ទម្ងន់ ០,៨៩ក្រាម (ទាំងសម្បក)

-ទូរស័ព្ទដៃចំនួន ០៩គ្រឿង (ចាស់) និងសម្ភារ:សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ ។

 ចំពោះមនុស្សប្រុសស្រីទាំង១៥នាក់នេះ រួមនឹងវត្ថុតាង បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការសាកសួរ និងស្រាវជ្រាវ ប្រសិនបើរកឃើញថា សាមីខ្លួនណាដែល មានអំពើល្មើសទាក់ទងនឹងករណីនេះ សមត្ថកិច្ចនឹងកសាងសំណុំរឿង បញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់មិនលើកលែងឡើយ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖