ភ្នំពេញ៖ បុរសអ្នករត់ម៉ូតូឌុបម្នាក់បានស្លាប់នៅក្នុងបន្ទប់ជួលមួយកន្លែងរហូតធុំក្លិនស្អុយទៅហើយទើបអ្នកជិតខាងដឹងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ នៅក្នុងបន្ទប់លេខ៣C ជាន់ទី១ផ្ទះជួលស្ថិតនៅភូមិអូដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសខាងលើគេពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះគាត់ស្នាក់នៅក្នុងបន្ទប់ជួលនោះតែម្នាក់ឯង ប៉ុន្តែអ្នកជិតខាងតែងហៅគាត់ថា«តាម៉ូតូឌុប» ហើយពុំទាន់ដឹងថាគាត់ស្លាប់ដោយសារខ្យល់គរ ឬអ្វីឡើយ។
តាមប្រភពពីកន្លែងកើតហេតុបាននិយាយថា កន្លងមកជារៀងរាល់ថ្ងៃគេតែងតែឃើញបុរសរងគ្រោះក្រោកពីព្រឹកចេញទៅរត់ម៉ូតូឌុបរហូតដល់ល្ងាចទើបវិលត្រឡប់មកផ្ទះជួលវិញ។ ប៉ុន្តែរយៈពេលប្រហែល២ថ្ងៃចុងក្រោយនេះស្រាប់តែបាត់មិនឃើញគាត់សោះ តែពុំមាននរណាចាប់អារម្មណ៍ថាគាត់ស្លាប់នោះទេ ស្មានថាគាត់រវល់ទៅណា។
ប្រភពដដែលបានបន្តថា លុះមកដល់ថ្ងៃកើតហេតុស្រាប់តែធំុក្លិនស្អុយចេញពីក្នុងបន្ទប់គាត់ ធ្វើឱ្យអ្នកជិតខាងសង្ស័យក៏នាំគ្នាបើកទ្វារមើលស្រាប់តែឃើញគាត់ស្លាប់ហើមស្អុយបាត់ទៅហើយ។ខណៈនោះបង្កឱ្យមានការភ្ញាក់ផ្អើលនិងរាយការណ៍ជូននគរបាលឱ្យចុះមកពិនិត្យធ្វើកោសល្យវិច័យដើម្បីបានដឹងថាតើបុរសរូបនេះស្លាប់ដោយសារអ្វីឱ្យពិតប្រាកដ ព្រមទាំងស្រាវជ្រាវរកសាច់ញាតិឱ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ និនសុភ័ស្ត