ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តបន្ទាយមានជ័យ ចុះពិនិត្យមើលការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានឃុំ ស្រុក

ចែករំលែក៖

      ខេត្តបន្ទាយមានជ័យ ៖ លោកអភិបាលខេត្តបន្ទាយមានជ័យនៅទី៤ ខែមករា ឆ្នាំ២០២២នេះបាន អញ្ជើញចុះពិនិត្យមើលការបំពេញការងារ និងផ្តល់សេវារដ្ឋបាលជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋ នៅរដ្ឋបាលឃុំ និងការិយាល័យច្រកចេញចូលតែមួយ ក្នុងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី មានប្រសាសន៍ក្រើនរំលឹកដោយជំរុញដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ និងលោកមេឃុំក្រុមប្រឹក្សាឃុំ ស្មៀនឲ្យប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដោយតម្រូវឲ្យមានការទំនាក់ទំនងល្អ និងផ្តល់សេវារដ្ឋបាលសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនទាន់ពេល និងមានតម្លាភាពប្រកបដោយប្រសិទ្ធភាព។

លោក អ៊ុំ រាត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃបានបង្កើតនូវអង្គភាពច្រកចេញចូលតែមួយនេះឡើង គឺដើម្បជំរុញការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋានសំដៅឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់ការលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ។

អភិបាលខេត្តបន្ទាយមានជ័យ បានគូសបញ្ជាក់បន្ថែមទៀតថា តាមច្រកចេញចូលតែមួយនេះហើយ ដែលបានជំរុញឲ្យល្បឿនការងារទាំងឡាយ ដែលបានអនុវត្តន៍កន្លងមករហូតដល់បច្ចុប្បន្នគឺទទួលបានការសាទរគាំទ្រពីប្រជាពលរដ្ឋទូទៅ ហើយរាជរដ្ឋាភិបាលក៍បាននឹងកំពុងជរុញបន្តបង្កើតនូវច្រកចេញចូលតែមួយនេះនៅតាមបណ្តាស្រុកផ្សេងៗទៀត ដែលមិនទាន់មាន ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានលឿន។

ជាមួយនេះលោក អ៊ុំ រាត្រី ក៏បានរំលឹកដល់មន្ត្រីពាក់ព័ន្ធ បម្រើក្នុងអង្គភាពច្រកចេញចូលតែមួយ នៅស្រុកដែលបានបង្កើតឡើងនេះ និងមន្ត្រីនៅគ្រប់មូលដ្ឋានឃុំទាំងអស់គប្បីត្រូវប្រកាន់ខ្ជាប់គោលការណ៍សំខាន់៥យ៉ាងគឺ សាមញ្ញ សីលធម៌ វិជ្ជាជីវៈ គណនេយ្យភាព ភាពជឿទុកចិត្តតម្លាភាពក្នុងការបំពេញការងារដោយខិតខំប្រមូលផ្តុំបង្កើនប្រសិទ្ធភាពផ្តល់សេវាសាធារណៈ ការផ្តល់ប្រយោជន៍នានា ក្នុងការអភិវឌ្ឍ គាំពារសង្គម ប្រកបដោយសីលធម៌ និងខិតខំដោះស្រាយបញ្ហាឆ្លើយតបរាល់សំណើ និងសំណូមពរប្រកបដោយប្រសិទ្ធភាពខ្ពស់ជូនប្រជាពលរដ្ឋយើង៕

ដោយ ៖ វណ្ណា


ចែករំលែក៖