ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបតាមទូរស័ព្ទរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ នៅយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជំនួបតាមទូរស័ព្ទរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក ប៊ូកូ វីដូដូ បធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ។

នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៩:៣០ នាទីព្រឹក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលការសន្ទនាតាមទូរស័ព្ទពី លោក ចូកូ វីដូដូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទ លោក ចូកូវីដូដូ បានសម្តែងនូវអំណរសាទរ យ៉ាងកក់ក្តៅចំពោះកម្ពុជាក្នុងការចូលកាន់តំណែងជាប្រធានអាស៊ានក្នុងឆ្នាំ២០២២។ លោក បានបញ្ជាក់សាជាថ្មីម្តងទៀតនូវការគាំទ្រយ៉ាងពេញទំហឹងរបស់ឥណ្ឌូនេស៊ី ចំពោះការធ្វើជាប្រធាន អាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ឲ្យទទួលបានជោគជ័យ ដោយ លោក ជឿជាក់ថា ជោគជ័យរបស់កម្ពុជា នឹងរួមចំណែកដល់ជោគជ័យរបស់ឥណ្ឌូនេស៊ីក្នុងការធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៣។ ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ និងដែលបានចូល រួមយ៉ាងសកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ កាលពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។ ក្រៅពីនេះ សម្ដេចតេជោ ក៏បានកោតសរសើរ គំនិតផ្តួចផ្តើមជាច្រើនរបស់ឥណ្ឌូនេស៊ីដែលបានរួមចំណែកដល់ដំណើរការកសាងសហគមន៍អាស៊ាន។

ពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា ថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរ ទស្សនៈអំពីវិវឌ្ឍន៍ថ្មីៗនៅមីយ៉ាន់ម៉ា និងបានគូសបញ្ជាក់ពីសារសំខាន់ក្នុងការពង្រឹងកិច្ចខិតខំប្រឹង ប្រែងរបស់អាស៊ាន ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការស្វែងរកដំណោះស្រាយសមស្របសំដៅឈានទៅ សម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាពយូរអង្វែង និងការអភិវឌ្ឍ៕

ដោយ ៖ សិលា


ចែករំលែក៖