ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បានថ្លែងថា : សូមចូលរួមអបអរសាទរជាថ្មីម្តងទៀត ចំពោះកីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសពិភពលោក កីឡាប៉េតង់ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ឆ្នាំ២០២១ កាលពីពេលកន្លងទៅ។ ជាបន្តបន្ទាប់ កីឡករ កីឡាការិនី គ្រប់វិញ្ញាសារដណ្តើមបានជ័យលាភីក្នុងការប្រកួតកីឡាលំដាប់ពិភពលោក និងតំបន់នានា។ លោកលើកឡើងថា, សន្តិភាព និងការអភិវឌ្ឍបានអនុញ្ញាតឱ្យកុលបុត្រដែលមានទេពកោសល្យ និងការប្តេជ្ញាចិត្ត បានហ្វឹកហាត់ បំពាក់បំប៉នសមត្ថភាពរបស់ខ្លួនដើម្បីទៅប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនីជម្រើសជាតិដទៃ ហើយអាចយកឈ្នះដោយជោគជ័យ។
លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងបន្តថា, ខ្ញុំសង្ឃឹមថា ជ័យលាភីរបស់ អ្នកស្រី អ៊ុក ស្រីមុំ នេះនឹងជាកម្លាំងជំរុញទឹកចិត្តដល់កីឡាករ កីឡាការិនីផ្សេងទៀតក្នុងការខិតខំព្យាយាមដណ្តើមជ័យជម្នះជូនជាតិមាតុភូមិរបស់យើង។#អរគុណសន្តិភាព #អបអរសាទរកម្ពុជា ៕
ដោយ ៖ សុខ ខេមរា