ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូស្លាប់ម្នាក់ របួសធ្ងន់២នាក់ ឯអ្នកបើកបររថយន្តបង្កគេចខ្លួនបាត់

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​ ៖ យ៉ាងហោចមានមនុស្សម្នា​ក់បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់ ឯម៉ូតូ១គ្រឿងនិងរថយន្តមួយគ្រឿងខូចខាតជាដំណំក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ។

  ឧបទ្ទវហេតុនេះកើតឡើងកាលពី​វេលាម៉ោង៩យប់​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ នៅលើ​ផ្លូវ​លេខ ១០៥ (​រង្វង់​មូល​ផ្លែ​ស្ពឺ​) ត្រង់ចំណុច​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​​  ​។​

មន្រ្តី្តនគរបាលចរាចរណ៍ក្រុងច្បាមនបានឲ្យដឹងថា មុន​ពេលកើតហេតុ​គេ​ឃើញ​រថយន្ត​មួយគ្រឿង ម៉ាកតូយ៉ូតាតា​កូ​ម៉ា ពាក់​ស្លាក​លេខ ភ្នំពេញ ២BA-១៦៥៥ បើកបរ​ដោយ​ឈ្មោះ ហេង គៀត ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ធ្វើដំណើរពី​ទិសខាងកើត ទៅ​ទិស​ខាងលិច។លុះ មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ មួយគ្រឿង​ម៉ាក​ហុងដាស្គូ​ពី ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១CT-៤០២៧​ ដែលធ្វើដំណើរស្របទិសគ្នា។ ម៉ូតូនេះបើកបរ​ដោយឈ្មោះ ឈុន លីដា ភេទ​ស្រី អាយុ ៣៦​ឆ្នាំ (​របួសធ្ងន់​) ឌុប​មនុស្ស​ចំនួន ០២​នាក់ គឺ​១.​ឈ្មោះ អ៊ុន ពុទ្ធា​រ៉ា ភេទ​ស្រី អាយុ ៣២​ឆ្នាំ (របួសធ្ងន់​) និង២.​ឈ្មោះ វ៉ា​ត់ គីម​ហុង ភេទ​ស្រី អាយុ ១០​ឆ្នាំ (​ស្លាប់​)​។ ​ទាំងបី​នាក់​រស់នៅ​ភូមិ​ញរ សង្កាត់​កណ្តោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​​

សាក្សីឃើញឧបទ្ទវហេតុនេះបានឲ្យដឹងថាបន្ទាប់បុកម៉ូតូរួចរថយន្ត​នោះ​មិនទាន់​អស់​ល្បឿន​ទេ ហើយបាន​ជ្រុល​ចង្កូត​ទៅបុក​របង​ផ្ទះ របស់​ឈ្មោះ ហុង ហៀ​ង ភេទ​ស្រី អាយុ ៥០​ឆ្នាំ នៅ​ភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ខូចខាតយ៉ាងដំណំ ។​ បន្ទាប់មកអ្នកបើកបររថយន្តទុករថយន្តចោលហើយគេចខ្លួនបាត់។

ប្រភពដដែលបានឲ្យឲ្យដឹងទៀតថា ក្រោយកើតហេតុ កម្លាំងនគរបាល​ជំនាញ​បាន​ចុះទៅដល់ធ្វើការវាស់វែងយកយានយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងច្បារមនរួចហៅ​រថយន្ត​សាមុយ​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ និង សព​ក្មេងស្រី​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ដោយ ៖ ប្រាថ្នា


ចែករំលែក៖