ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្ត្រីក្រសួងការងារ​ផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុច​ក្នុងវិស័យការងារ និងជារៀមច្បងដែលធ្លាប់ធ្វើការងារសហជីព

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ បណ្ឌិត អ៉ិត សំហេង​ រដ្ឋមន្រ្តីក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នៅព្រឹក​ថ្ងៃ​ពុធ​ទី​០៥​ ខែមករា​ ឆ្នាំ​២០២២នេះ​ បានផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុច​ ក្នុងនាមរដ្ឋមន្រ្តីទទួលបន្ទុកវិស័យការងារ និងជារៀមច្បងដែលធ្លាប់ធ្វើការងារសហជីព ។ 

ការផ្ដល់នូវអនុសាសន៍ចំនួន៥ចំណុចរួមមានដូចខាងក្រោម​៖

១-ត្រូវគិតពីប្រយោជន៍រួម មានសាមគ្គីភាពផ្ទៃក្នុងល្អ តាមរយៈការដឹកនាំដោយតម្លាភាព មានការចាត់ចែងការងារច្បាស់លាស់ ដើម្បីភាពរីកចម្រើនរួមរបស់អង្គភាព និងបម្រើផលប្រយោជន៍ជូនប្រទេសជាតិមាតុភូមិ។ 

២-ត្រូវពង្រឹងការផ្សព្វផ្សាយដល់កម្មករនិយោជិតដែលជាសមាជិកឱ្យបានយល់ច្បាស់អំពីច្បាប់ស្ដីពីការងារ និងច្បាប់ស្ដីពីសហជីព ព្រមទាំងប្រកាស និងសេចក្តីណែនាំនានា ដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដាក់ចេញ។ ជាមួយគ្នានេះ ក៏ត្រូវពង្រីកសមាជិកបន្ថែមទៀត ប៉ុន្តែសូមកុំដណ្ដើមសមាជិកគ្នាដែលជាចំណុចរសើបមួយនាំឱ្យមានទំនាស់បាក់បែកសាមគ្គីគ្នា។ 

៣- ត្រូវបណ្តុះបណ្តាល ណែនាំដល់ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ត្រូវសិក្សាឱ្យបានច្បាស់លាស់អំពីការចុះអនុសញ្ញារួម ថាតើចង់បានលក្ខខណ្ឌអ្វីខ្លះទាក់ទងនឹងការងាររោងចក្រ សហគ្រាស គ្រឹះស្ថាន ដោយមិនឱ្យឃ្លាតឆ្ងាយពីច្បាប់ស្តីពីការងារ និងជៀសវាងការដឹកនាំ និងចូលរួមធ្វើបាតុកម្មខុសច្បាប់។ 

៤- ត្រូវពង្រឹង និងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយអង្គការសហជីព ទាំងក្នុងតំបន់ និងក្រៅតំបន់ ដើម្បីកៀរគរការគាំទ្រទាំងផ្នែកសម្ភារ ថវិកា និងការបណ្តុះបណ្តាលពង្រឹងសមត្ថភាពនានា។ 

៥-ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់កម្មករនិយោជិតអំពីការរស់នៅជាមួយ COVID-19 ដោយអនុវត្តនូវវិធានសុខាភិបាល និងអនុវត្ត ៣កុំ ៣ការពារ។

ដោយឡែក​លោក តុល ផាន់មឿង ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា អាណត្តិទី៦ ឱ្យ​ដឹងថា កន្លងមក CCNU បានដើរតួសំខាន់ក្នុងការរក្សាបាននូវការលើកកម្ពស់លក្ខខណ្ឌការងារ និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ, ការការពារសិទ្ធិប្រយោជន៍ជូនកម្មករនិយោជិត, ការចូលរួមលើកកម្ពស់ការគោរពច្បាប់ស្តីពីការងារ និងច្បាប់ស្តីពីសហជីព ប្រកបដោយមនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់។ 

មកដល់បច្ចុប្បន្ន CCNU មានសមាជិកជា៖ សហភាពកើនឡើងដល់ចំនួន១៦, គណៈអចិន្ត្រៃយ៍ចំនួន២៧នាក់, សមាជិកក្រុមប្រឹក្សាភិបាលចំនួន១៣៣នាក់, សហព័ន្ធសហជីពចំនួន១១៤, សមាគមចំនួន៩, អង្គការចំនួន៦, សហជីពមូលដ្ឋានចំនួន១០៨៩ និងសមាជិកដែលជាកម្មករកម្មការិនីសរុបចំនួនជាង ៧០ម៉ឺននាក់៕

ដោយ​៖សហការី​


ចែករំលែក៖