ព័ត៌មានទាន់ហេតុការណ៍៖

ដឹងការណ៍ពិតពីក្មេងប្រុសរូបស្រស់សង្ហា ម្នាក់នោះមិនមែនជាកូនប្រុសរបស់តារាចម្រៀងមាស សុខសោភា ទេ

ចែករំលែក៖

   ភ្នំពេញ៖ ប៉ុន្មានថ្ងៃមកនេះមានការភ្ញាក់ផ្អើលពេញចង្កោមអ្នកសិល្បៈនិងអ្នកគាំទ្រក្រោយពីគេប្រទះឃើញរូបថតមង្គលការ និងរូបថតក្មេងជំទង់រូបស្រស់សង្ហាម្នាក់ដែលត្រូវបានគេលើកឡើងថា ជាកូនប្រុសរបស់តារាចម្រៀងមាស សុខសោភា។ តាមទាន់ទើបដឹងថា ក្មេងប្រុសរូបនោះគឺមិនមែនជាកូនប្រុសបង្កើតរបស់នាងឡើយ ប៉ុន្តែក្មេងនោះចេះតែហៅនាងនិងស្វាមីថាជាប៉ាម៉ាក់ពេញៗមាត់។

  គេនៅចាំបានដែរថា កាលពីសប្ដាហ៍មុនមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាចម្រៀង ឆន សុវណ្ណរាជ បានបញ្ចេញរូបភាពនៃពិធីមង្គលការរបស់មាស សុខសោភា ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ។ កាន់តែចាប់អារម្មណ៍ទៅលើជីវិតពិតរបស់តារាស្រីល្បីឈ្មោះរូបនេះគឺក្រោយពីគេបានឃើញក្មេងប្រុសជំទង់ម្នាក់ដែលបានថតរូបជាមួយនឹងអ្នកនាងមាស សុខសោភា ហើយយុវជនរូបនេះក៏មានគេសង្ស័យថាជាកូនប្រុសរបស់កំពូលតារាចម្រៀងស្រីរូបនេះដែរ។ កាន់តែសង្ស័យនោះគឺក្រោយពីគេដឹងថា ក្មេងប្រុសនោះហៅមាស សុខសោភា និងស្វាមីថាប៉ាម៉ាក់ពេញៗមាត់ថែមទៀតផង ។ កាន់តែធ្វើឱ្យមហាជនចង់ដឹងថែមទៀតនោះគឺក្រោយពីមាស សុខសោភា បានប្រកាសស្វែងរកអនាគតកូនប្រសារបស់នាង។  ទោះជាយ៉ាងណានៅតែលេចចេញការសង្ស័យជាច្រើនជុំវិញបញ្ហានេះ ព្រោះតែគេមិននឹកស្មានទេថាតើនាងអាចលាក់បានជិតឈឹងយ៉ាងម៉េចនោះ។ មុននេះដែរសារព័ត៌មានយើងអាចស្វែងរកការបញ្ជាក់បន្ថែមជុំវិញដំណឹងនេះពីអ្នកជិតដិតរបស់អ្នកនាងមាស សុខសោភាបំផុតហើយគេបានប្រាប់ថា ក្មេងប្រុសស្រស់សង្ហានោះមិនមែនជាកូនប្រុសបង្កើតរបស់នាងឡើយ ពេាលគឺត្រឹមតែជាកូនប្រុសរបស់មិត្តភក្តិជិតដិតរបស់នាងម្នាក់ ដែលមានឪពុកជាជនជាតិបរទេស និងម្តាយជាជនជាតិខ្មែរ ហើយក្មេងប្រុសនោះតែងតែហៅមាស សុខសោភា និងស្វាមីថាជាម៉ាក់ប៉ាជាប់មាត់រហូតមកដល់បច្ចុប្បន្ន។ នេះបើយោងតាមការបញ្ជាក់ដោយខ្លីរបស់លោកមាស សុខរតនៈ ដែលជាបងប្រុសបង្កើតរបស់តារាចម្រៀង មាសសុខសោភា។ តាមរយៈការបញ្ជាក់នេះលោករំពឹងថា ទស្សនិកជនឈប់យល់ច្រឡំ និងយល់ច្បាស់ពីរឿងនេះ៕ 

 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖