សារព័ត៌មាន Bloomberg នៅថ្ងៃទី៥ខែមករាបានព្យាករថា អឺរ៉ុបអាចប្រឈមកង្វះថាមពលហ្គាសសម្រាប់ដុតកម្តៅក្នុងរដូវរងាឆ្នាំនេះ ដោយសារតែចំនួនឧស្ម័នស្តុកទុកមានតិច ។
កង្វះថាមពលគឺដោយសារតែ អឺរ៉ុបកាត់បន្ថយការខួងយកថាមពលហ្គាសធម្មជាតិ ហើយខ្វះកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ។ លោក Massimo Di Odoardo អនុប្រធានក្រុមហ៊ុនប្រឹក្សា Wood Mackenzie បានសារភាពថា មិនមានថាមពលហ្គាសរក្សាទុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅក្នុងរដូវរងាឡើយ ប្រសិនបើមិនមានប្រភពផ្គត់ផ្គង់បន្ថែមពីបំពង់បង្ហូរឧស្ម័នហ្គាសពីប្រទេសរុស្ស៊ី។
ក្នុងពេលជាមួយគ្នានេះដែរ តម្លៃហ្គាសនៅអឺរ៉ុបបានកើនឡើងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ គឺមានតម្លៃជាង ២.១៥០ដុល្លារ ក្នុង១.០០០ម៉ែត្រគូប ។ កន្លងមក ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានលើកឡើងថា មូលហេតុបណ្តាលឱ្យមានវិបត្តិកង្វះថាមពលហ្គាសគឺដោយសារតែគណៈកម្មការអឺរ៉ុប បដិសេធចុះកិច្ចព្រមព្រៀងយូរអង្វែងជាមួយរុស្ស៊ី។
កាលពីថ្ងៃទី៤ខែមករា តម្លៃឧស្ម័នហ្គាសនៅក្នុងតំបន់អឺរ៉ុបកើនឡើងដល់ទៅជាង៣០% ដោយសារតែមានក្តីបារម្ភពីប្រភពផ្គត់ផ្គង់ពីប្រទេសរុស្ស៊ីមានកំណត់ខណៈរដូវរងាអូសបន្លាយនៅក្នុងឆ្នាំនេះ។
ចាប់តាំងពីខែមករាឆ្នាំ២០២១ មកទល់ពេលនេះ តម្លៃថាមពល
ហ្គាសនៅតំបន់អឺរ៉ុបកើនឡើងដល់ទៅ៥ដង ធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមបញ្ហាជាច្រើនខណៈដែលសេដ្ឋកិច្ចធ្លាក់ចុះដោយសារតែកូវីដ -១៩ រាលដាល៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN