ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្ដាលឱ្យតៃកុងរថយន្តហាយឡេនឌ័ររងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ ហើយឈើជាង១០ កំណាត់បានធ្លាក់ពាសពេញនៅលើកំណាត់ផ្លូវជាតិលេខ៤ បង្កឱ្យមានការភ្ញាក់ដល់អ្នកធ្វើដំណើរនិងសមត្ថកិច្ចស្ទូចយកទៅរក្សាទុក ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ លើតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤១-ទៅលេខ៤២ ចំណុចភូមិចំបក់ ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកសំរោងទងបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុមានរថយន្ដ០១គ្រឿង ម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2T-4393 អ្នកបើកបរឈ្មោះ ហាក់ លីហួរ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន បានបើកបរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅ ពីទិសខាងលិចទៅទិសខាងកើត។ លុះមកដល់ចំណុចកើតហេតុ បានបុករថយន្ដ០១គ្រឿង ម៉ាកសាំងយ៉ុង(កែច្នៃ) ពណ៌ខៀវ គ្មានស្លាកលេខ (ដឹក ឈើចំនួន១៥ដើម) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ និងអាស័យដ្ឋាននោះទេបានរត់គេចខ្លួនបាត់ស្រមោល ដែលបើកបរស្របទិសគ្នា ពីក្រោយពេញទំហឹង បណ្ដាលឱ្យយុវជនជាតៃកុងរថយន្តហាយឡេនឌ័ររងរបួសធ្ងន់ធ្ងរឈ្មោះ (ហាក់ លីហួរ)។ តៃកុងរថយន្តតូរីសកែច្នៃដឹកឈើ បានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនៅកន្លែងកើតហេតុ ដឹកយុវជនរងគ្រោះទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិកឯកជនមួយក្នុងខេត្តកំពង់ស្ពឺ។ ចំពោះវត្ថុតាងឈើទាំង១៥ដុំប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីចាត់ការបន្ត។ រីឯខូចខាតរថយន្ដចំនួន០២គ្រឿង ក្នុងនោះធ្ងន់១គ្រឿងរថយន្ដហាយឡេនឌ័រ។
-ចំពោះវត្ថុតាងរថយន្តទាំង០២គ្រឿងសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំកសាងសំណុំរឿង ចាត់ការបន្តតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋអ្នកទៅឈរមើលហេតុការណ៍ មានការងឿងឆ្ងល់ថា តើឈើមុខកាត់ធំៗ វែងៗដឹកតាមរថយន្តតូរីសកែច្នៃនេះ ដឹកពីណាមកបានជាមកជួបគ្រោះថ្នាក់បែបនេះ។ បើនៅតាមដងផ្លូវពីស្រុកឱរ៉ាល់មកមានមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់,នគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃឈរជើងជាប្រចាំ និងមានស្នាក់ការមេព្រៃ មិនក្រោម៥កន្លែង ។ ប្រជាពលរដ្ឋ សង្ឃឹមថាអស់លោកជំនាញរដ្ឋបាលព្រៃឈើ នឹងមានឆន្ទៈ ក្នុងការទប់ស្កាត់ បទល្មើសព្រៃឈើ ដើម្បីរក្សាទុកឱ្យក្មេងៗជំនាន់ក្រោយបានឃើញធនធានធម្មជាតិផង៕
ដោយ៖ សូរិយា