ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើករថយន្តបុកបង្គោលភ្លើងមួយដើមបាក់រាបដល់ដីហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្គោលស្លាកប៉ាណូជាប់ទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតឡើងសួនផ្លូវ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលឲ្យបាក់មួយដើម ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្គោលស្លាកប៉ាណូជាប់ទៅមុខលែងរួចសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១២ និង ៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករាឆ្នាំ ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់ បានបើករថយន្តម៉ាកLexus RX300 ពណ៌សមួយគ្រឿង បានបិទស្លាកលេខបើកបរតាមបណ្តោយផ្លូវ២០០៤ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានរេចង្កូតរថយន្តឡើងលើសួនផ្លូវ រួចបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម យ៉ាងពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដី ហើយរថយន្តនៅមិនទាន់អស់ល្បឿនបានជ្រុលទៅបុកបង្គោលស្លាកប៉ាណូជាប់ទៅមុខលែងរួចសំណាងល្អ មិនមាននរណាម្នាក់ រងគ្រោះថ្នាក់នោះទេ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ ចុះមកស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖