ភ្នំពេញ ៖ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញស្លាប់ដោយចងកនឹងមែកដើមពោធិ៍។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចក្រោមដើមពោធិ៍ក្នុងដីឡូត៍មួយកន្លែងតាមបណ្តោយផ្លូវអ៊ែ៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បុរសដែលចងកស្លាប់បាត់បង់ជីវិតខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ស្លៀកខោទាហានប៉ារ៉ាជេីងវែងពាក់អាវពណ៌សដៃវែង សម្បុរសណ្ដែកបាយ កម្ពស់ប្រហែល ១.៦០ ម៉ែត្រជាង ពាក់ស្បែកជើងចម្ពាមពណ៌ស ដោយយកខ្សែអង្រឹងពណ៌ត្រេអុីចងបន្តោតជាប់មែកពោធិ៍។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថានៅវេលាម៉ោង០៨និង៣០នាទីព្រឹកមានប្រជាពលរដ្ឋរាយការណ៍ប្រាប់ថាមានករណីមនុស្សចងកសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែង រួចសមត្ថកិច្ចក៏បានចុះមកមេីលផ្ទាល់ដល់ទីតាំងកើតហេតុហើយបានប្រទះឃេីញសាកសពបុរសនោះស្លាប់ដោយចងកសម្លាប់ខ្លួនមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចមូលដ្ឋានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញកោសល្យវិច័យរាជធានីភ្នំពេញចុះមកធ្វើការពិនិត្យសពរកមូលហេតុដែលបណ្ដាលឱ្យជនរងគ្រោះចងកស្លាប់បាត់បង់ជីវិតក្រោមដើមពោធិ៍ដើម្បីទាក់ទងរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖និន សុភ័ស្ត