ក្រុមភ្ញៀវ Napoli ត្រូវប្រឈមមុខនឹងក្រុមម្ចាស់ផ្ទះសេះបង្កង់ Juventusដែលស្ថិតក្នុងទម្រង់លេងដែលមិនធ្លាប់ចាញ់ក្នុងការប្រកួត Serie A ចំនួន៥ប្រកួត នៅរាត្រីថ្ងៃព្រហស្បតិ៍ក្នុងកីឡដ្ឋាន Allianz ។
Napoli ឈរនៅលេខរៀងទី៣ មាន៣៩ពិន្ទុ តាមពីក្រោយក្រុមលេខ១ Inter Milan ចំនួន៧ពិន្ទុ។ ចំណែកក្រុម Juventus ឈរលេខរៀងទី៥ មាន៣៤ពិន្ទុ កំពុងប្រជែងកៅអី Champions League ដែលបច្ចុប្បន្នឈ្នះតែ២ពិន្ទុប៉ុណ្ណោះពីក្រុមលេខ៦ Roma ។
ការប្រកួតក្របខ័ណ្ឌ Serie A ចុងក្រោយរបស់ក្រុម Napoli បានយកឈ្នះ ១-០ លើក្រុម Spezia នៅកីឡដ្ឋាន Stadio Diego Armando Maradona។ រីឯ Juventus បានឈ្នះការប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Serie A ដែរក្នុងលទ្ធផល ២-០ នៅលើទឹកដីខ្លួនឯងទល់នឹងក្រុម Cagliari ដែលបន្តការមិនស្គាល់ចាញ់របស់ពួកគេដល់ទៅ៥ប្រកួត (ឈ្នះ៤, ស្មើ១) ។
នៅពេលដែលក្រុមទាំង២ជួបគ្នាចុងក្រោយក្នុងការប្រកួត Serie A ក្រុម Napoli បានយកឈ្នះ ២-១ នៅកីឡដ្ឋាន Stadio Diego Armando Maradona ក្នុងខែកញ្ញា។ ពេលនោះកីឡាករ Matteo Politano បើកការស៊ុតបញ្ចូលទីនៅនាទីទី៥៧ និង Kalidou Koulibaly រកបានគ្រាប់ទី២ ខណៈដែលកីឡាករ Morata រកបាន១គ្រាប់ឲ្យ Juventus នៅនាទីទី១០។
សម្រាប់ឆ្នាំ២០២១-២០២២ កីឡាករឆ្នើមមុខគេក្នុងជួរខ្សែប្រយុទ្ធរបស់ Napoli គឺកីឡាករ Piotr Zielinski, Dries Mertens និង Fabián Ruiz ដែលម្នាក់ៗរកបាន៥គ្រាប់។ ចំណែកក្រុម Juventus វិញមានកីឡាករឆ្នើមៗដូចជា Morata, Paulo Dybala និង Juan Cuadrado ជាកីឡាករលេចធ្លោនិងតែងតែរកគ្រាប់បាល់ក្នុងការប្រកួត។ Morata និង Dybalaគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដែលរកបាន៥គ្រាប់តាមពីក្រោយដោយ Cuadrado រកបាន៤គ្រាប់។
ការប្រកួតក្នុងទឹកដីនៅកីឡដ្ឋាន Allianz ក្នុងរដូវកាលនេះ Juventusទទួលបាន១៦ពិន្ទុ (ឈ្នះ៥, ស្មើ១ និងចាញ់៣) លើការប្រកួតក្របខ័ណ្ឌ Serie A ចំនួន៩។ ចំណែកក្រុម Napoli ឈ្នះ៦ ស្មើ២ និងចាញ់១នៅក្នុងរដូវកាលនេះក្នុងការប្រកួតលីគ។ ក្នុងការប្រកួតលីគ៦លើកចុងក្រោយក្រុមJuventus ឈ្នះ៤ ស្មើ១ និងចាញ់១ ខណៈដែលក្រុម Napoli ឈ្នះ២ ស្មើ១ និងចាញ់៣ ក្នុង៦ប្រកួតចុងក្រោយដូចគ្នា ៕
ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)