ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២វេលាម៉ោង ០៨ព្រឹក នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយមានវត្តមានសមាជិក សមាជិកា ចូលរួមចំនួន៥៨រូប និងមានរបៀបវារៈ៖
១- ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤។
២- ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួសលោកស្រី ឱ សុខុម ដែលបានទទួលមរណភាព។
៣- ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ព្រឹទ្ធសភា នីតិកាលទី៤។
៤- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាសពាណិជ្ជកម្ម។
៥- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម។
៦- ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
សម័យប្រជុំលើកទី៨ នីតិកាលទី៤ បានចាប់ផ្តើមដំណើរការតាមរបៀបវារៈដែលបានគ្រោងទុកខាងលើដោយ៖
-អនុម័តសមាសភាពលេខាធិការសម័យប្រជុំចំនួន២រូបគឺៈ
១-លោក ជឹម លាវ
២-លោកស្រី ស៊ី វណ្ណថា
របៀបវារៈទី១-បានស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្ត្រីយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ នីតិកាលទី៤ដែលរាយការណ៍ជូនដោយលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា។
របៀបវារៈទី២- អង្គព្រឹទ្ធសភាបានស្តាប់សេចក្តីសម្រេចទទួលស្គាល់ លោកស្រី ចឹក ហេង ជាសមាជឹកព្រឹទ្ធ សភាថ្មី មណ្ឌលភូមិភាគទី៨ ជំនួសលោកស្រី ឱ សុខុម ដែលបានទទួលមរណភាព។(ដោយលោកស្រី ចឹក ហេង ត្រូវធ្វើសច្ចាប្រណិធានមុនពេលចូលកាន់ដំណែង)។
របៀបវារៈទី៣- អង្គព្រឹទ្ធសភាបានធ្វើការបោះឆ្នោតជ្រើសរើសលោក ញ៉ូវ សុង បំពេញជាសមាជិកគណៈកម្មាធិការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មដោយមានសម្លេងគាំទ្រ៥៨សម្លេងនៃសមាជិក សមាជិកាព្រឹទ្ធសភាទាំងមូល…។
ចំពោះរបៀបវារៈទី៤ ទី៥ និងទី៦ តំណាងរាជរដ្ឋាភិបាលដែលបានចាត់ឲ្យចូលមកការពារសេចក្តីព្រាងច្បាប់ទាំង៣នេះដឹកនាំដោយលោក ជា វណ្ណដេត រដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ និងសហការីដែលជាថ្នាក់ដឹកនាំមន្រ្តីជាន់ខ្ពស់ និងមន្ត្រីជំនាញចំនួន៥រូប។
-បន្ទាប់ពីបានស្តាប់លោកគង់ សារាជ ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូនអាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគម៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រាយការណ៍អំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ទាំង៣ និងស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិកអង្គប្រជុំ និងមតិបំភ្លឺរបស់តំណាងរាជរដ្ឋាភិបាលរួចមក អង្គប្រជុំក៏បានអនុម័តយល់ព្រមដោយឥតកែប្រែលើខ្លឹមសារទាំងមូល នៃសេចក្តីព្រាងច្បាប់ និងចាត់ទុកជាការប្រញាប់ដោយសម្លេង៥៨សម្លេងនៃសមាជិកព្រឹទ្ធសភាទាំងមូល…៕
ដោយ៖ សូរិយា