ព័ត៌មានទាន់ហេតុការណ៍៖

សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំប្រារព្ធពិធីសមាធិផ្សាយមេត្តាធម៌ សុំសេចក្ដីសុខ ការចងចាំ និងឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ

ចែករំលែក៖

ភ្នំពេញ ៖  អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជាក់ថា, ជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំប្រារព្ធពិធីសមាធិផ្សាយមេត្តាធម៌ សុំសេចក្ដីសុខ ការចងចាំ និងឧទ្ទិសកុសលជូនជនរងគ្រោះ និងអតីតយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅមជ្ឃមណ្ឌលប្រល័យពូជសាសន៍ជើងឯក។

ក្នុងឆ្នាំ២០២២ នេះ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំកម្មវិធីគោរព្ធវិញ្ញាណក្ខន្ធនេះ រយៈពេល ២ថ្ងៃ គឺល្ងាចថ្ងៃទី០៥ និងព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នេះ។ នៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ កម្មវិធីនេះមាននិមន្ដចូលរួមពីព្រះសង្ឃ ប្រជាពលរដ្ឋ និងយុវជន ធ្វើសមាធិសង្រួមកាយចិត្តប្រមូលអារម្មណ៍ស្ងប់ស្ងាត់ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ និងយុទ្ធជនដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក្រោមអធិបតីភាពឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។  

ដោយឡែក នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ នេះ លោក ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា ស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ក្នុងឱកាសនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាបាននិមន្ដព្រះសង្ឃធ្វើពិធីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជនរងគ្រោះ៕

ដោយ ៖ សិលា


ចែករំលែក៖