ខេត្តតាកែវ ៖ យុវជនដែលជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពប្រើអំពើហិង្សាលើបងស្រីបង្កើតរបស់ខ្លួនខណៈដែលរងនូវការស្ដីបន្ទោស។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍ខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ធូ ប៊ុនថន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនមានទីលំនៅភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុជនសង្ស័យបានសុំលុយឪពុកប៉ុន្តែឪពុកមិនឲ្យក៏មានការជជែកគ្នាជាមួយឪពុកបន្ទាប់មកឈ្មោះធូសម្ផស្ស ភេទស្រីអាយុ៤១ឆ្នាំដែលជាបងស្រីបង្កើតរបស់ជនបង្ក មុខរបរកសិករមានទីលំនៅភូមិឃុំជាមួយគ្នាបានដើរមកពីផ្ទះហើយក៏បានជេរមកលើជនសង្ស័យ ហើយអ្នកទាំងពីរក៏បានជជែក និងឈ្លោះប្រកែកគ្នា បន្ទាប់ជនសង្ស័យក៏បានយកឈឺជ្រុងប្រវែង៩០សង់ទីម៉ែត្រ គប់មកលើជនរងគ្រោះឈ្មោះ ធូ សម្ផស្សដែលមិនបណ្តាលឱ្យរងរបួសទេ តែជនសង្ស័យមិនអស់ចិត្តក៏បានយកកាំបិតចិតបន្លែចុងស្រួចប្រវែង៣០ សង់ទីម៉ែត្រដេញចាក់ជនរងគ្រោះបន្តទៀតតែជនរងគ្រោះបានរត់គេចខ្លួនផុតមិនបណ្ដាលឱ្យរងរបួសឡើយ។
សមត្ថកិច្ចបានបន្តទៀតថាមូលហេតុខាងលើនេះកើតឡើងគឺបណ្ដាលមកពីជនសង្ស័យខឹងបងស្រីស្តីបន្ទោសនិងជេរប្រមាថទើបបង្កឲ្យមានករណីហិង្សានេះកើតឡើង។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញអធិការរដ្ឋាននគរបាលស្រុកបាទីធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕
ដោយ៖ ស សម