ព័ត៌មានទាន់ហេតុការណ៍៖

លោកឯកអគ្គរដ្ឋទូតចិនអញ្ជើញចុះពិនិត្យគម្រោងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ

ចែករំលែក៖

ភ្នំពេញ ៖ ស្ថានឯកអគ្គរដ្ឋទូតសាធារណៈ ប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានបញ្ជាក់អោយដឹងថា, នារសៀលថ្ងៃទី៦ខែមករា លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានិង លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈដែលជាជំនួយរបស់ភាគីចិន និងបានពិភាក្សាជាមួយក្រុមការងារនៃគម្រោង និងព្រមទាំងចូលរួមស្តាប់របាយការណ៍ស្ថានភាពនៃគម្រោងខាងលើ។

ស្ថានឯកអគ្គរដ្ឋទូតសាធារណៈ ប្រជាមានិតចិន ប្រចាំ ព្រះរាជាណាចក្រកម្ពុជា បានបន្តថា, អគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈដែលជាជំនួយរបស់រដ្ឋាភិបាលចិន មានទីតាំងក្នុងមន្ទីរពេទ្យព្រះកុសុមៈរាជធានីភ្នំពេញ គឺជាអគារពេទ្យចម្រុះដែលអាចដាក់គ្រែព្យាបាលបានដល់៤០០គ្រែ និងបែងចែកជាផ្នែកពិនិត្យជំងឺ សង្គ្រោះបន្ទាន់ សម្រាកព្យាបាល និងភស្តុភារជាដើមដែលឯកទេសលើផ្នែកវះកាត់។ គម្រោងខាងលើនេះមានផ្ទៃដីសាងសង់ប្រមាណ១.៥ម៉ឺនម៉ែត្រការ៉េ និងផ្ទៃដីសំណង់សរុបប្រមាណ៣.៣ម៉ឺនម៉ែត្រការ៉េ។ គម្រោងនេះត្រូវបានចាប់ផ្តើមសាងសង់កាលពីខែតុលាឆ្នាំ២០១៨ និងបានបញ្ចប់កាលពីខែធ្នូឆ្នាំ២០២១។ គម្រោងនេះនឹងត្រូវប្រគល់ជូនភាគីកម្ពុជាជាផ្លូវការនិងដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ៕

ដោយ ៖ សិលា


ចែករំលែក៖