ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងការងារ និងបណ្តុះបណ្តាលចជាជីវៈលិខិតអញ្ជើញតំណាង ឬបងប្អូនអតីតបុគ្គលិកនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ ឡើងវិញនូវការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ

ចែករំលែក៖

ភ្នំពេញ : ក្នុងគោលបំណងឈានទៅបញ្ចប់ករណីវិវាទអំពីការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ នៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត ក្រសួងសូមអញ្ជើញបងប្អូនបុគ្គលិកដែលកំពុងធ្វើការតវ៉ាដោយលើកមូលហេតុថា និយោជកបាន ទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនត្រឹមត្រូវតាមច្បាប់ មកចូលរួមប្រជុំពិនិត្យផ្ទៀងផ្ទាត់ជាក់ស្តែង ជាមួយអធិការការងារឡើងវិញ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ៩ព្រឹក តទៅ នៅអគ្គលេខាធិការដ្ឋាននៃគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា។ ក្រសួងសូមជម្រាបជូនផងដែរថា យោងតាមច្បាប់ស្តីពីការងារ ចំពោះករណីបញ្ឈប់ពីការងាររួមគ្នា (មាត្រា៩៥)

កម្មករនិយោជិតដែលត្រូវបានបញ្ឈប់ពីការងាររួមគ្នា នឹងទទួលបាន៖
១-ប្រាក់ឈ្នួលខែចុងក្រោយដែលមិនទាន់បានបើក (មាត្រា១១៦)

២-ប្រាក់បំណាច់ទូទាត់ជួសការឱ្យដំណឹងមុន ក្នុងករណីដែលនិយោជកមិនបានជូនដំណឹងមុនតាមច្បាប់
កំណត់ (មាត្រា៧៥ និងមាត្រា៧៧)
៣-ប្រាក់បំណាច់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ (មាត្រា១៦៦ និងមាត្រា១៦៧)
៤-ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ ដែលមិនទាន់បានទូទាត់ (មាត្រា៨៩ថ្មី)។
មូលដ្ឋានសម្រាប់គណនាប្រាក់ឈ្នួលនិងប្រាក់បន្ទាប់បន្សំជាមធ្យមប្រចាំថ្ងៃ គឺត្រូវប្រើប្រាស់ប្រាក់ឈ្នួលនិង
ប្រាក់បន្ទាប់បន្សំជាមធ្យមនៃ ១២ខែចុងក្រោយ ដែលបានធ្វើការពេញលេញ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានសេចក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនកម្មករនិយោជិតទាំងអស់ នឹងចូលរួមក្នុងកិច្ចប្រជុំខាងលើ ដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ លីមីធីត នេះ ៕

ដោយ៖ សិលា


ចែករំលែក៖