ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសុក្រទី០៧ ខែមករា ឆ្នាំ២០២២នេះថា៖ ថ្ងៃនេះជាខួបទី៤៣ នៃទិវាជ័យជម្នះ ៧ មករា ( ៧ មករា ១៩៧៩ – ៧ មករា ២០២២ ) ដែលប្រជាជនកម្ពុជាយើង ទូទាំងប្រទេស និងក្រៅប្រទេសផងដែរ នាំគ្នាប្រារព្ធពិធីរម្លឹកខួប និងអបអរសាទរយ៉ាងខ្ញៀវខ្ញាចំពោះទិវាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានរបស់កម្ពុជា ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា បានគូសបញ្ជាក់ថា ថ្ងៃ ៧ មករា ១៩៧៩ គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានរួចផុតជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយសារការលះបង់សាច់ស្រស់ឈាមស្រស់ តស៊ូរំដោះជាតិ របស់សម្តេចទាំងបី គឺសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដោយផ្តើមចេញពីថ្ងៃ ២ ធ្នូ ១៩៧៨ ។
ថ្ងៃ ២ ធ្នូ ១៩៧៨ ឥស្សរជនខ្មែរ ទាំង ៣ក្រុម ដែលដឹកនាំដោយសម្តេចទាំងបី ដោយមើលឃើញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជា ត្រូវបង្ខំឲ្យធ្វើការលើសកម្លាំង បង្អត់បាយ បំបាត់សាសនា គ្មានសាលារៀន ពិសេសកាប់សម្លាប់យ៉ាងសាហាវព្រៃផ្សៃ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឥស្សរជនខ្មែរទាំង ៣ក្រុម បានសម្រេចចិត្តចូលព្រៃតស៊ូ ដើម្បីរំដោះប្រជាជន និងប្រទេសជាតិទាំងមូល ។
ការតស៊ូដោយយកសាច់ស្រស់ឈាមស្រស់ ជាដើមទុន របស់សម្តេចទាំងបី និងឥស្សរជនខ្មែរ ទីបំផុតទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ១៩៧៩ ។
ក្រោយថ្ងៃរំដោះ កម្ពុជាត្រូវខ្ទេចខ្ទីគ្មានសល់ ហេដ្ឋារចនាសម្ព័ន្ធនានាស្ទើក្លាយជាផេះ ប៉ុន្តែកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចទាំងបី ជាប្រមុខ ដោយផ្តើមពីបាតដៃទទេ បានកសាងអភិវឌ្ឍន៍ប្រទេសជាតិ រីកចម្រើន និងមានអ្វីៗគ្រប់បែបយ៉ាងដូចសព្វថ្ងៃ ព្រមទាំងនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ជូនប្រជាជន និងជាតិមាតុភូមិនៃយើង ។
គុណបំណាច់ដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិតជាមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន និងប្រទេសជាតិទាំងមូល ដែលត្រូវចងចាំក្នុងក្រអៅបេះដូងជានិច្ចនិរន្តរ៍តរៀងទៅ ។
បន្ថែមពីនេះ លោក ស សុខា បានឱ្យដឹងទៀតថា ក្នុងនាមកូនខ្មែរជំនាន់ក្រោយមួយរូប សូមអបអរសាទរ និងចងចាំជានិច្ចចំពោះគុណបំណាច់ នៃការលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចទាំងបី ព្រមទាំងឥស្សរជនស្នេហាជាតិទាំងអស់ ពិសេសគណបក្សប្រជាជនកម្ពុជា និងសូមប្តេជ្ញា ថែរក្សា ការពារស្មារតី ៧ មករា ជាអមតៈ៕
ដោយ៖ស តារា