ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រី «ក.ប.ប.» នាំយករថយន្តពិសោធន៍ចល័តចុះត្រួតពិនិត្យទំនិញតាមបណ្ដាទីផ្សារ​ និង​រកឃើញ​ដេប៉ូលក់ប្រេងឥន្ធនៈចំនួន​ ៩ទីតាំង​ភាពមិនអនុលោម

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» ​បានឱ្យដឹងនៅថ្ងៃ​សុក្រ​ទី​០៧​ ខែមករា​ ឆ្នាំ​២០២២នេះថា​៖ មន្ត្រីជំនាញ​ បាននាំយករថយន្តពិសោធន៍ចល័តចុះត្រួតពិនិត្យទំនិញតាមបណ្ដាផ្សារ​ ពិធីតាំងពិពណ៌ផលិតផល​ និងហាងលក់ទំនិញនានាស្ថិតក្នុងខេត្តតាកែវ​, ខេត្តកែប​, ខេត្តសៀមរាប,​ កំពង់ធំ​ និងខេត្តព្រះសីហនុនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២នេះ។ បន្ទាប់ពីបានធ្វេីការត្រួតពិនិត្យ​ មន្ត្រីជំនាញពុំបានរកឃេីញទំនិញមិនអនុលោមដាក់ចរាចរនៅលេីទីផ្សារឡេីយ។ 

ជាក់ស្ដែង​លទ្ធផល​ បានឆ្លុះបញ្ចាំងនូវកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក.ប.ប.​ ដែលបានចុះអនុវត្តច្បាប់កន្លងមកនេះ។ 

ជាមួយគ្នានោះ​ មន្ត្រីក.ប.ប.​ បានបន្តចុះត្រួតពិនិត្យអនុលោមភាពលេីស្ថានីយ​ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន​ ១៦ទីតាំង​ក្នុងភូមិសាស្ត្រខេត្តសៀមរាប​ ខេត្តស្វាយរៀង​ ខេត្តកំពង់ធំ​ និងរាជធានីភ្នំពេញនៅថ្ងៃទី៦​ ខែមករា​ ឆ្នាំ២០២២នេះ។ 

ក្នុងប្រតិបត្តិការនេះផងដែរ​ មន្ត្រីជំនាញបានរកឃេីញដេប៉ូលក់ប្រេងឥន្ធនៈចំនួន​ ៩ទីតាំងដែលមិនអនុលោមតាមច្បាប់។ បន្ទាប់ពីបានរកឃេីញដូច្នេះ​ មន្ត្រីជំនាញបានធ្វេីការពិន័យអន្តរការណ៍​ និងណែនាំដល់ម្ចាស់ដេប៉ូទាំងនោះដេីម្បីកែសម្រួល៕

ដោយ​៖ស​ តារា​


ចែករំលែក៖