ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ លោកស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត លោកឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ លោកអភិបាលស្រុកបុរីអូស្វាយសែនជ័យ មន្ត្រីជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទក៏បានអញ្ចើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវកៅស៊ូ DBS.T ជាផ្លូវការមានប្រវែង៤៤០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងបើកការដ្ឋានស្ថាបនាបន្ត ផ្លូវកៅស៊ូDBS.T បន្តមានប្រវែង ៦៥០០ម៉ែត្រ ទទឹង៧ម៉ែត្រពីទីរួមស្រុកបុរីអូស្វាយសែនជ័យ ជាផ្លូវលេខ៣៧៩តភ្ជាប់មកផ្លូវជាតិលេខ៧ ខាងជើងទៅកាន់ព្រំប្រទល់ឡាវ ខាងត្បូងទៅទីរួមខេត្តស្ទឹងត្រែង ដែលជាគម្រោងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនខេត្ត និងស្ថាបនាដោយមន្ទីរសាធារណៈការនិងដឹកជញ្ជូន។
មានប្រសាសន៍ក្នុងឱកាសនេះផងដែរលោកស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្តស្ទឹងត្រែង បានប្រសាសន៍ថា: នេះជាហេដ្ឋារចនាសម្ព័នស្ថាបនា ដោយមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្ត។ ជាថវិការបស់ក្រសួងសាធារណ: និងដឹកជញ្ជូន ដែលមានប្រវែងសរុប១០គីឡូម៉ែត្រ និង៩០០ម៉ែត្រ ក្នុងនោះចាក់កៅស៊ូរួចរាល់ មានប្រវែង៤៤០០ម៉ែត្រ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ និងសម្ពោធបើកការដ្ឋានក្រាល កៅស៊ូDBS.T បន្តប្រវែង៦៥០០ម៉ែត្រ ជាផ្លូវលេខ៣៧៩ តភ្ចាប់ពីទីរួមស្រុកបុរីអូស្វាយសែនជ័យ មកផ្លូវជាតិលេខ៧។ ដែលជាហេដ្ឋារចនាសម្ព័ន្ធថ្មី ស្រឡាងក្នុងស្រុកបុរីអូស្វាយសែនជ័យ ងាយស្រួលបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរមកទីរួមខេត្ត ហើយក៏ជាផ្លូវមួយ ជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ជាប់ព្រំប្រទល់កម្ពុជា ឡាវ សម្រាប់ខេត្តស្ទឹងត្រែងយើង។
លោកអភិបាលខេត្តក៏បានមានប្រសាសន៍ទៀតថា: សូមឲ្យបងប្អូននិងប្រជាពលរដ្ឋចូលរួមប្រើប្រាស់ផ្លូវនេះ ជួយថែរក្សាកំណាត់ផ្លូវមួយខ្សែនេះ សូមកុំដឹកឲ្យលើសទម្ងន់ធ្វើឲ្យផ្លូវឆាប់ទ្រុឌទ្រោម ងាយខូចនិងលំបាកដល់ក្រុមការងារជួសជុលឡើងវិញដែរ។ ហើយក៏សូមចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន ការពារថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ផ្លូវមួយខ្សែមួយនេះឲ្យគង់វង់ ល្អយូរអង្វែងសម្រាប់ជាប្រយោជន៍ដល់សង្គមជាតិ ៕
ដោយ ៖ មាស សុផាត