ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា ៖ នៅក្នុងជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរក៏បានជម្រាបជូនគ្នាទៅវិញទៅមកអំពីការវិវឌ្ឍថ្មីៗនៅក្នុងប្រទេសរៀងខ្លួន។

ខាងក្រោមនេះគឺជាសេចក្តីប្រកាសរួមស្ដីពីដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់  នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ប្រធានក្រុមប្រឹក្សា រដ្ឋបាលរដ្ឋនិងជានាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅ បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី០៧-០៨ ខែមករា ឆ្នាំ២០២២។

នៅក្នុងជំនួបរវាង សម្តេចតេជោនាយករដ្ឋមន្ត្រី និង នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួន ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម។ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមក អំពីការវិវត្តថ្មីៗនៅក្នុងប្រទេសរៀងៗ ខ្លួន។

ទាក់ទងនឹងការវិវត្តថ្មីៗនៅមីយ៉ាន់ម៉ា  នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បាន ជម្រាបជូន សម្តេចតេជោនាយករដ្ឋមន្ត្រីថា, រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបិទឈប់បាញ់គ្នាជាមួយអង្គការ ប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ ក្នុងរយៈពេល៥ខែ រហូតដល់ចុងខែកុម្ភៈ ឆ្នាំ២០២២ និងបាន សម្រេចពន្យារបទឈប់បាញ់គ្នាបន្ថែមទៀត រហូតដល់ចុងឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ជាន់ ខ្ពស់ ក៏បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលអនុវត្តបទឈប់បាញ់គ្នា ដើម្បីផលប្រយោជន៍ ប្រទេសជាតិនិងប្រជាជន បញ្ឈប់រាល់អំពើហិង្សា និងប្រកាន់នូវភាពអត់ធ្មត់ខ្ពស់បំផុត ដែលទង្វើទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងបើកផ្លូវឱ្យមានកិច្ចសន្ទនាប្រកបដោយស្មារតីស្ថាបនា រវាងភាគីពាក់ព័ន្ធទាំងអស់ សំដៅឈានទៅសម្រេច បាននូវសន្តិភាពយូរអង្វែង និងការអភិវឌ្ឍជាតិ។ ក្នុងន័យនេះនាយឧត្តមសេនីយ៍ជាន់ខ្ពស់ បាន ស្វាគមន៍ការចូលរួមរបស់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ស្ដីពីមីយ៉ាន់ម៉ា ដើម្បីចូលរួមក្នុងកិច្ចពិភាក្សា អំពីបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិច ជំហានដ៏សំខាន់នេះ ត្រូវបានចែងក្នុងកិច្ច ព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់អាស៊ាន។

ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសប្រជាជន ដែលកំពុងត្រូវការជំនួយបំផុត ថ្នាក់ដឹកនាំទាំងពីរបានគាំទ្រឱ្យមានកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធ រួមមាន ប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលអាស៊ាន ដើម្បីសម្របសម្រួលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារថ្នាក់ ជាតិដើម្បីសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌលអាស៊ានដើម្បីសម្របសម្រួលជំនួយមនុស្សធម៌និងគ្រប់គ្រងគ្រោះមហន្តរាយ សង្គមកាកបាទក្រហមមីយ៉ាន់ម៉ា និងភ្នាក់ងារជំនាញរបស់អង្គការ សហប្រជាជាតិដែលពាក់ព័ន្ធ ភាគីទាំងពីរបានទទួលស្គាល់នូវសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើតឱ្យ មានយន្តការ និងហេដ្ឋារចនាសម្ព័ន្ធសមស្រប ដើម្បីអនុវត្តកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ស្រប ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌អោយមានប្រសិទ្ធភាពដល់ប្រជាជនដែលត្រូវការបំផុត ដោយគ្មានការ រើសអើង ដោយហេតុថា គ្មានអ្វីដែលសំខាន់ជាងការជួយសង្គ្រោះជីវិតមនុស្សនោះឡើយ។

 នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានអបអរសាទរចំពោះកម្ពុជា ដែលបាន ចូលកាន់តួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២២ និងស្វាគមន៍ចំពោះការតែងតាំង លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រេសិតពិសេសរបស់ប្រធាន អាស៊ានស្ដីពីមីយ៉ាន់ម៉ា និងបានសន្យាផ្ដល់ការគាំទ្រដល់ប្រេសិតពិសេសដើម្បីបំពេញតួនាទីរបស់ខ្លួន ក្នុង ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច ស្របតាមធម្មនុញ្ញអាស៊ាន។ នាយឧត្តមសេនីយ៍ ជាន់ខ្ពស់ ក៏បានសង្កត់ធ្ងន់ថា ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច គួរតែជាការបំពេញបន្ថែម ដើម្បីសម្រេចបានផែនទីបង្ហាញផ្លូវប្រាំចំណុចរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកអំពីភាពជោគជ័យនៃគោលនយោបាយឈ្នះ-ឈ្នះ របស់កម្ពុជា ដែលសម្រេចបាននូវការផ្សះផ្សាជាតិ សន្តិភាពយូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ថា តាមបទពិសោធន៍ និងមេរៀនដែលកម្ពុជាទទួលបានពីដំណើរការសន្តិភាព, សន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មានការចូលរួម និងការព្រម ព្រៀងគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ក្នុងស្មារតីនេះដែរ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ បានធានាការសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួបជាមួយនឹងភាគីពាក់ ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថានការណ៍ជាក់ស្ដែង នៅមីយ៉ាន់ម៉ា។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីពង្រឹងបន្ថែមទៀតនូវ ទំនាក់ទំនងមិត្តភាពដែលមានស្រាប់រវាងប្រជាជនទាំងពីរ ជាពិសេសក្នុងបរិបទនៃវិបត្តិសុខភាពពិភពលោក។ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្រាប់ជំនួយបន្ថែមទៀត រួមមាន ម៉ាស់ចំនួន ៣.២០០.០០០ ឯកសណ្ឋាន ការពារ (PPE) ចំនួន ៣០.០០០ ម៉ាស៊ីនជំនួយការដកដង្ហើម ចំនួន ៥០ គ្រឿង ឧបករណ៍តាមដានអ្នក ជំងឺ ចំនួន ៥០គ្រឿង ឧបករណ៍ផលិតអុកស៊ីហ្សែន ចំនួន ៥០ គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ទៀត ដើម្បីជួយមីយ៉ាន់ម៉ាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូវីដ-១៩។

កិច្ចប្រជុំខាងលើបានបញ្ចប់ទៅក្នុងបរិយាកាសយល់គ្នាទៅវិញទៅមក និងដោយស្មោះត្រង់៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖