ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវបេទីម ២ខ្សែ ប្រវែងជិត ៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណបក្សខេត្ត នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ ២០២២នេះ​ បានដឹកនាំក្រុមការងារបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតផ្លូវបេទីម ២ខ្សែ ប្រវែងជិត ៧០០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ដែលជាប្រភពថវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ ២០២២។ 

ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា និង ក្រុមការងារបានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវខាងលើប្រកបកដោយភាពស្និតស្នាលក្រៃលែង។ 

នាឱកាសនោះ​ដែរ​ ក៏ឃើញថាបងប្អូនប្រជាពលរដ្ឋយើងបានបង្ហាញអារម្មណ៍សប្បាយរីករាយចំពោះសមិទ្ធផលដែលបានលេចជារូបរាងនាពេលនេះ ដោយពួកគាត់បានលើកដៃថ្លែងអំណរគុណចំពោះ លោកអភិបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរលោកតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទិសទី៕

ដោយ​៖សហការី​


ចែករំលែក៖