ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តី​ជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ»

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាមការបញ្ជាក់ពី​លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម​ បានថ្លែង​ឱ្យ​ដឹង​ថា​៖ ក្រសួងពាណិជ្ជកម្ម គ្រោងនឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ» នៅចុងខែមេសា ឆ្នាំ២០២២ ដើម្បីបង្កើនខ្សែច្រវាក់តម្លៃ និងកសាងកេរ្តិ៍ឈ្មោះរបស់បង្កងខេត្តតាកែវ ដែលជួយជំរុញឱ្យផលិតផលនេះ ឈានទៅនាំចេញទៅទីផ្សារអន្តរជាតិនាពេលខាងមុ។

អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្មរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ មូលហេតុដែលក្រសួងពាណិជ្ជកម្មជ្រើសរើសយក «បង្កងតាកែវ» សម្រាប់កសាងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្នុងប្រទេសកម្ពុជា គឺដើម្បីទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្ត្រ «បង្កងតាកែវ» លើទីផ្សារជាតិ ចូលរួមអភិរក្សចំណេះដឹង-ចំណេះធ្វើ របស់ផលិតករ និងអាជីវករ ក្នុងខេត្តតាកែវ បង្កើនច្រវាក់តម្លៃ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាខេត្តតាកែវ និងពិសារបង្កងតាកែវ និងដើម្បីចូលរួមប្រកួតប្រជែងពិព័រណ៌ចំណីអាហារថ្នាក់ជាតិ និងអន្តរជាតិ ពិសេសប្រទេសថៃ វៀតណាមនិងចិន ។

ជាមួយគ្នានេះ ក្រោមជំនួយបច្ចេកទេសរបស់អង្គភាព EU Arise+ IPR ក្នុងការដំណើការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ» ជំនាញការថ្នាក់ជាតិ និងអន្តរជាតិ នឹងរៀបចំចងក្រងសមាគមអន្តរវិជ្ជាជីវៈ សៀវភៅបន្ទុក ស្តីពី ការប្រមូលផល ផលិត ឬចម្អិន បង្កងតាកែវ និងការកែច្នៃវេចខ្ចប់ រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងឯកសារពាក់ព័ន្ធផ្សេងៗ។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ បា​នបញ្ជាក់បន្ថែមថា៖​«ដោយសារបញ្ជាការរាតត្បាតជំងឺកូវីដ-១៩ នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធអេឡិកត្រូនិច Zoom ជាមួយមន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងអាជីវករទិញ-លក់ បង្កងតាកែវ និងជំនាញការថ្នាក់ជាតិ និងអន្តរជាតិរបស់អង្គភាព EU Arise+ IPR និងបានប្រមូលព័ត៌មានបឋមទាក់ទងនឹងការរៀបចំសៀវភៅបន្ទុក ស្តីពី ការប្រមូលផល ការផលិត ឬចម្អិន បង្កងតាកែវ និងការកែច្នៃវេចខ្ចប់។ ក្រោយពីការរៀបចំកិច្ចប្រជុំ ក្រសួងគ្រោងនឹងអញ្ជើញតំណាងរបស់ក្រសួង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តគម្រោងនេះ ឱ្យបានទទួលជោគជ័យ»។

លោក​រដ្ឋលេខាធិការ​ បានឱ្យដឹងទៀតថា​ ក្រោយពីការចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ» នៅក្រសួងពាណិជ្ជកម្ម នោះសមាជិកសមាគមនឹងទទួលបាននូវផលប្រយោជន៍ជាច្រើន ដូចជា៖ ការប្រើប្រាស់រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ» រួមគ្នា តាមរយៈការដាក់ពាក្យស្នើសុំចូលជាសមាជិក និងចុះកិច្ចសន្យាថានឹងអនុវត្តអនុលោមតាមសៀវភៅបន្ទុក។

ទំនិញម៉ាកសម្គាល់ភូមិសាស្ត្រនេះ នឹងក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដែលជួយបង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្ត

ដល់អ្នកប្រើប្រាស់ ដែលធ្វើឱ្យពួកគេហ៊ានចំណាយថវិកា ដើម្បីទិញ «បង្កងតាកែវ» មកពិសារ។

ជាមួយគ្នានេះ «បង្កងតាកែវ» នឹងត្រូវបានលើកកម្ពស់គុណភាពទំនិញ តាមរយៈការរៀបចំចងក្រងសៀវភៅបន្ទុក រៀបចំប្រព័ន្ធធានារ៉ាប់រង ដូចជា៖ ការត្រួតពិនិត្យគុណភាព និងស្វែងរកតឹកតាន ដោយសមាគមអន្តរវិជ្ជាជីវៈ ព្រមទាំងបង្កើនការងារក្នុងតំបន់ដោយផ្ទាល់ ឬមិនផ្ទាល់ និងកាត់បន្ថយការចំណាកស្រុក។

ដោយឡែក​បេី​តាមការបញ្ជាក់របស់មន្ទីរពាណិជ្ជកម្មខេត្តតាកែវ និងអាជីវករទិញ-លក់បង្កង បានឱ្យដឹងថា បច្ចុប្បន្ន «បង្កងតាកែវ» គឺសម្រាប់តែផ្គត់ផ្គងក្នុងទីផ្សារក្នុងស្រុកតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ​ក្រសួង​ពាណិជ្ជកម្ម​ សង្ឃឹមថា៖ តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «បង្កងតាកែវ» នឹងអាចជួយដល់ផលិតករ អាជីវករ និងប្រតិបត្តិករក្រុមហ៊ុនកែច្នៃវេចខ្ចប់ ក្នុងការនាំចេញទៅលក់នៅទីផ្សារអន្តរជាតិ។

គួរបញ្ជាក់ថា​ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីឆ្នាំ២០១៩ ការប្រមូលផលបង្កងនៅខេត្តតាកែវ បានចំនួន ៩៧ ០០០គីឡូក្រាម និង ឆ្នាំ២០២០ ការបប្រមូលបានចំនួន ៨៧០០០គីឡូក្រាម៕

ដោយ​៖ស​ តារា​


ចែករំលែក៖