ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ ក្រោយឃាត់ខ្លួន​ពាក់ព័ន្ធ​ការ​ញុះញង់ឱ្យ​ប្រជាពលរដ្ឋ តវ៉ា​ទាមទារ​ដី នៅ​តំបន់៣​ ត្រូវ​តុលាការ​សម្រេច​ឃុំ​ខ្លួន​ហើយ​

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង​៖​ មនុស្ស​ចំនួន​ ៥នាក់​ ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួន​ពាក់ព័ន្ធ​ការ​ញុះញង់ឱ្យ​ប្រជាពលរដ្ឋ តវ៉ា​ទាមទារ​ដី នៅ​តំបន់៣​ ស្ថិតនៅ​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង និង​ប្រឆាំង​ទៅនឹង អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​នោះ​ ត្រូវ​បានចៅក្រម​សាលាដំបូងខេត្ត​កំពង់ឆ្នាំង​ នៅ​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២២នេះ​ បានសម្រេច​ឃុំខ្លួនជាបណ្ដោះអាសន្ន​ហើយ​​។

ជាក់ស្ដែង​​សមត្ថកិច្ចជំនាញខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី​៨ ខែមករាម្សិលមិញនេះ​​ បានបញ្ជូន​ខ្លួន​មនុស្សចំនួន ៥នាក់ខាងលេីនេះ​ ទៅ​សាលាដំបូងខេត្តកំពង់ឆ្នាំង​ ដេីម្បីចាត់ការតាមច្បាប់​ ​ពីបទ​ញុះញង់អោយ​ប្រព្រឹត្ត​បទឧក្រិដ្ឋជាអាទិ៍ និងដឹកជញ្ជូន​អាវុធ​ខុសច្បាប់​។

​សូមរម្លឹកថា​ យោងតាម​របាយការណ៍​របស់ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា​ កាលពី​ថ្ងៃទី​៦ ខែមករា​ ឆ្នាំ​២០២២ បានឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ នៅ​ចំណុច​ទំនប់​អូរ​ត្រាវ និង​ទំនប់​ខ្នាយ​ទោល ស្ថិតនៅ​ក្នុងភូមិ​គុយ និង​ភូមិ​ប្រាសាទ ឃុំ​ដារ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​ ដោយ​ជនសង្ស័យ​ទី ១. ឈ្មោះ សាំង ចាន់ថន ហៅ​សាំង សុង ភេទ​ប្រុស អាយុ ៤៦​ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ , ទី​២. ឈ្មោះ អុក ប៉ា​រ៉ា​ឌី ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ទីក្រុង​ភ្នំពេញ , ទី៣. ឈ្មោះ ប្រាក់ សង្ហា ភេទ​ប្រុស អាយុ ២៣ ឆ្នាំ​រស់នៅ​ទីក្រុង​ភ្នំពេញ មាន​តួនាទី ជា​តៃកុង​ឡាន ,ទី៤. ឈ្មោះ គង់ តារា ភេទ​ប្រុស អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​ពាម​ទន្លា ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ,និងទី​៥. ឈ្មោះ កែវ ហួរ (​ឃុំខ្លួន​នៅ​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២២) ។​

​ដោយ​ឡែក​វត្ថុ​តាងចាប់យករួមមាន៖​ រថយន្តមួយគ្រឿង ម៉ាក Lexus Lx450 ពណ៌​ទឹកប្រាក់ ស្លាក​លេខ ភ្នំពេញ 2Q 7993 ទូរស័ព្ទ​ចំនួន ៨ គ្រឿង laptop មួយគ្រឿង អាវុធខ្លី​មួយ​ដើម​ម៉ាក ប៉ា​រ៉ា ផលិត​នៅ ប្រទេស​កូរ៉េ គ្រាប់​ចំនួន ១២ គ្រាប់ ។ 

បច្ចុប្បន្ន​ជនជាប់ចោទទាំង​៥នាក់នេះ​ ត្រូវ​បានសមត្ថកិច្ចបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ​ខេត្ត​ជាបណ្ដោះអាសន្ន៕

ដោយ​៖សហការី​


ចែករំលែក៖