ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាកូនប្រុសទី៤ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានមានប្រសាសន៍ថា, ខ្ញុំសូមចូលរួមអបអរសាទរជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងថ្ងៃបើកបវេសនកាលសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលសិស្សានុសិស្សគ្រប់ថ្នាក់ និងគ្រប់ភូមិសិក្សានៅទូទាំងប្រទេសបានចូលរៀនដោយផ្ទាល់ឡើងវិញ បន្ទាប់ពីថ្នាក់រៀនត្រូវបានជំនួសដោយការរៀនពីចម្ងាយអស់រយៈពេលជិត ២ឆ្នាំមកហើយ។ លោកបន្តថា, ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាប្រជាពលរដ្ឋ និងជាអាណាព្យាបាល ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និង ជាពិសេស លោកគ្រូ អ្នកគ្រូ ដែលក្នុងរយៈកាលកន្លងមកនេះ បានខិតខំប្រឹងប្រែង តស៊ូ ជម្នះការលំបាកសព្វបែបយ៉ាង ដើម្បីធានាបាននូវការបន្តការផ្តល់ការអប់រំដល់សិស្សានុសិស្ស ក្នុងដំណាក់កាលដ៏លំបាកនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
លោក ហ៊ុនម៉ានី បានថ្លែងថា, ឆ្នាំ២០២២ បានបង្ហាញពីការបើកឡើងវិញនៃសង្គម សេដ្ឋកិច្ច ក្នងប្រក្រតីភាពនៃគន្លងថ្មី ដែលយើងទាំងអស់គ្នាត្រូវរៀនរស់នៅជាមួយវាក្នុងលក្ខណៈយូរអង្វែង។ ខ្ញុំសូមអំពាវនាវដល់គណៈគ្រប់គ្រងសាលា លោកគ្រូអ្នកគ្រូ អាណាព្យាបាល និងជាពិសេស ប្អូនៗ ក្មួយៗសិស្សានុសិស្សទាំងអស់បន្តចូលរួមអនុវត្តតាមវិធានការសុខាភិបាលនានាដើម្បីសាលារៀនយើងក្លាយជាទីកន្លែងដែលផ្តល់ការអប់រំប្រកបដោយសុវត្ថិភាព និងមិនមែនជាកន្លែងចម្លងមេរោគ កូវីដ-១៩ ចូលសហគមន៍៕
ដោយ ៖ សិលា