ក្នុងរយៈពេល២៤ម៉ោងកន្លងមក នេះករណីឆ្លងកូវីដ-១៩នៅលើពិភពលោកមានសញ្ញាថយចុះបន្តិច បើប្រៀបធៀបនឹងមួយថ្ងៃមុន ។ ក្នុងរបាយករណ៍ថ្ងៃទី ១០ខែមករា ក្នុងរយៈពេល២៤ម៉ោងមានករណីឆ្លងកូវីដ-១៩ថយចុះសល់តែ ១,៨លាននាក់ប៉ុណ្ណោះ ដែលកាលពីមួយថ្ងៃមុនមានករណីឆ្លងកើនឡើងដល់ទៅ ២,១លាននាក់ ។
តាមគេហទំព័រ Worldometers បានផ្សាយថា គិតត្រឹមម៉ោង៩ព្រឹកថ្ងៃទី១០ខែតុលានៅទូទាំងពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប៣០៧,៨លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង ៥,៥លាននាក់។ ជាមួយគ្នានេះមានអ្នកឆ្លងកូវីដ-១៩ ជាសះស្បើយជាង២៥៩,៥លាននាក់។ អាមេរិកនៅតែជាប្រទេសមានករណីឆ្លងកូវីដ-១៩ខ្ពស់ជាងគេដដែល។
អាមេរិកនៅតែជាប្រទេសមានករណីឆ្លងច្រើនជាងគេដដែល គឺមានជាង៦១,២លាននាក់ និងស្លាប់ជាង៨៥៩ពាន់នាក់ ។ បច្ចុប្បន្នករណីឆ្លងកូវីដ-១៩ នៅអាមេរិកស្មើ១៥%នៃករណីឆ្លងនៅលើពិភពលោក និងអ្នកស្លាប់នៅអាមេរិកស្មើ២០%នៃអ្នកស្លាប់ដោយកូវីដ-១៩ នៅលើពិភពលោក។
បច្ចុប្បន្ន វីរុសបំប្លែងថ្មីអូមីក្រុង បានក្លាយទៅជាវីរុសឈានមុខគេក្នុងការឆ្លងរាលដាលនៅប្រទេសជាច្រើនជុំវិញពិភពលោក។ បើទោះបីយ៉ាងណាក្តី ពិភពលោកមានសង្ឃឹមថានឹងបញ្ចប់ការឆ្លងរាលដាលកូវីដ-១៩ នៅក្នុងឆ្នាំ២០២២នេះ ខណៈដែលប្រទេសជាច្រើនបានអនុវត្តច្បាប់ចាក់វ៉ាក់សាំងកាតព្វកិច្ច ។ ជាមួយគ្នានេះពិភពលោកមានថ្នាំព្យាបាលកូវីដ-១៩ ទាំងនោះហើយជាពេលវេលាដែលត្រូវបញ្ចប់កូវីដ-១៩៕ ដោយ៖ធីរីណា
រូបថត៖AFP/TTXVN