ខេត្តកណ្ដាល ៖ ជនសង្ស័យម្នាក់ បានយកដំបងឬស្សីនិងឈើជ្រុងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះខូចខាតអស់មួយចំនួន ខណៈប្អូនប្រុសចូលទៅឃាត់វាយបប្អូនខ្លួនឯងបន្ថែមទៀត បណ្ដាលឲ្យរងរបួសយ៉ាងដំណំ ទីបំផុតត្រូវសមត្ថកិច្ចឃាត់ខ្លួន។ករណីនេះ បានកើតឡើងនៅថ្ងៃទី០៩ ខែមករា.ឆ្នាំ២០២២.វេលាម៉ោងប្រហែល១០និង១៥នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ឈុន សោភ័ណ្ឌ ភេទស្រី អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថាជនរងគ្រោះមាន០២នាក់ ទី១- ឈ្មោះ ឈុន សោភ័ណ្ឌ ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាបងស្រី និងទី២- ឈ្មោះ ប៊ី វឌ្ឍនា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្កណ្តាល ត្រូវជាប្អូនប្រុសបង្កើត។ ចំណែកជនសង្ស័យឈ្មោះ ប៊ី វុត្ថា ហៅ(ផ្លូច) ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។ដោយឡែកវត្ថុតាងចាប់យកដំបងឫស្សី១ដើមប្រវែង៩៥ស.ម, ដំបងឈើជ្រុង ០១ដើម ប្រវែង៩៨ស.មរីឯសំភារៈខូចខាតមានកញ្ចក់ទ្វារផ្ទះ ចំនួន ០២ផ្ទាំង,កញ្ចក់បង្អួចផ្ទះ ចំនួន ០៤ផ្ទាំង,ចាន,ឆ្នាំងមួយចំនួនទៀត ។
ប្រភពដដែលបន្តថា.កន្លងមកនៅថ្ងៃទី០៧ ខែមករាឆ្នាំ២០២២ ជនសង្ស័យបានយកដុំថ្ម និងញញួរធ្វើសកម្មភាពវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ មានដូចជាៈកញ្ចក់ទ្វារផ្ទះ ចំនួន ០២ផ្ទាំង,កញ្ចក់បង្អួចផ្ទះ ចំនួន០៤ផ្ទាំង និងចានឆ្នាំងអស់មួយចំនួន ហើយបានយកដំបងឫស្សី និងដំបងឈើជ្រុង វាយប្អូនប្រុស ឈ្មោះ ប៊ី វឌ្ឍនា អោយមានរបួសកំភួនដៃឆ្វេង និង ចង្កេះឆ្វេងថែមទៀតផង ។
លុះមកដល់ថ្ងៃទី០៩ខែឆ្នាំដដែលវេលាម៉ោង១០:១៥នាទី ជនសង្ស័យ ឈ្មោះ ប៊ី វុត្ថា ហៅ (ផ្លូច) បានធ្វើសកម្មអុកឡុកវាយបំបែកសោរផ្ទះ ដើម្បីចូលបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀត ពេលនោះ ឈ្មោះ ប៊ី វឌ្ឍនា បានចូលទៅឃាត់ តែជនសង្ស័យឈ្មោះ ប៊ី វុត្ថា បានវាយជនរងគ្រោះ ឈ្មោះ ប៊ី វឌ្ឍនា បន្ថែមទៀត។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលជួយអន្ដរាគមន៍ ភ្លាមនោះកំលាំងនគរបាលប៉ុស្ដិ៍ទឹកវិលបានចុះទៅដល់កើតហេតុ នឹងបានធ្វើការនាំខ្លួនជនសង្ស័យឈ្មោះ ប៊ី វុត្ថា មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិលដើម្បីធ្វើការសាកសួរ និងបញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីធ្វើសំណុំរឿងតាមនីតីវិធី៕
ដោយ៖ស្អាង ជ័យ