ខេត្តសៀមរាប៖ ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទូទាំងប្រទេសសគ្រប់គ្រឹៈស្ថានសិក្សាសាធារណៈទាំងអស់ បានរៀបចំអបអរសាទពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្នុងមនោសញ្ចេតនា រីករាយកក់ក្ដៅ និងមោទនភាពបំផុត ។
ជាមួយគ្នានេះដែរនៅវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង មានសិស្សានុសិស្សជួបជុំប្រារព្ធពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីរបស់ខ្លួនប្រកបដោយទឹកមុខញញឹម និងសង្ឃឹមក្នុងថ្ងៃថ្មីរបស់ខ្លួន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នានៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
ការអប់រំប្រកបដោយថីរភាព ពិតជាមានសារៈសំខាន់ដើម្បីធានាការផ្ដល់សេវាអប់រំប្រកបដោយគុណភាព និងបរិយាប័ន្ន ដែលផ្ដល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជនកម្ពុជាទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធនៅទូទាំងប្រទេស ។ លោកបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងបែបនេះនៅកាន់សិស្សក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅវិទ្យាល័យហ៊ុន សែន ប្រាសាទបាគង។
លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលបាននឹងកំពុងខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ចបន្តទៀត និងបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាអាទិភាពទី១ រួមជាមួយនឹងការប្ដេជ្ញាឱ្យបាននូវមុំទី១ គឺ ការពង្រឹងគុណភាពអប់រំវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា តាមរយៈការទាញយកផលប្រយោជន៍ ពីការអនុវត្តភាពនៅក្នុងតំបន់ និងអន្តរជាតិដើម្បីធានាបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយថីរភាព៕
ដោយ ៖ សិលា