ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋចិនរាប់សិបលាននាក់ ស្ទាក់ស្ទើរមិនដឹងថាត្រូវទៅស្រុកឬក៏អត់នោះទេក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ

ចែករំលែក៖

សារព័ត៌មាន SCMP បានផ្សាយថា ចូលឆ្នាំចិនឆ្នាំ២០២២ គឺជាឆ្នាំទីពីរហើយដែលពលរដ្ឋចិនទៅធ្វើការនៅឆ្ងាយពីផ្ទះមិនអាចវិលត្រឡប់ទៅជួបជុំគ្រួសារបាន ដោយសារតែការឆ្លងកូវីដ-១៩ ។ លោក Jason Zhao បុគ្គលិកការិយាល័យធ្វើការនៅទីក្រុងប៉េកាំង បានលើកឡើងថា មកទល់ពេលនេះលោកមិនទាន់សម្រេចថាតើត្រូវទៅស្រុកជួបជុំគ្រួសារក្នុងឱកាសចូលឆ្នាំថ្មីនេះដែរឬក៏អត់នោះទេ។

លោក Jason Zhao ធ្វើការក្នុងស្ថាប័នរដ្ឋបានឱ្យដឹងថា លោកនឹងត្រូវអនុវត្តតាមសំណើរបស់រដ្ឋាភិបាលដែលបានស្នើដល់ពលរដ្ឋ «អ្នកណានៅទីណាចូលឆ្នាំនៅទីនោះ» កាត់បន្ថយការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។
ពលរដ្ឋចិនរាប់លាននាក់ហើយ បានចូលឆ្នាំនៅឆ្ងាយពីផ្ទះគឺជាឆ្នាំទីពីរហើយដោយសារតែការឆ្លងរាលដាលកូវីដ-១៩ ហើយរដ្ឋាភិបាលបានកាត់បន្ថយសកម្មភាពធ្វើដំណើរផ្លូវឆ្ងាយ។
ប៉ុន្តែនៅក្នុងឆ្នាំនេះនឹងមានសភាពខុសប្លែកពីឆ្នាំ២០២១ ដោយក្រសួងចរាចរណ៍ដឹកជញ្ជូនបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២មានការធ្វើដំណើរកើនឡើងជាងកាលពីឆ្នាំមុនដែលមាន៨៧០លានជើង។ នៅមុនពេលកូវីដ-១៩ផ្ទុះឡើងគឺមានពលរដ្ឋធ្វើដំណើររហូតដល់ទៅ៣ពាន់លាននាក់ក្នុងឆ្នាំ២០១៩។ ថ្ងៃឈប់សម្រាកចូលឆ្នាំចិននឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ហើយអូសបន្លាយរហូតដល់ចុងខែកុម្ភៈឆ្នាំ២០២២។
ពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃចន្ទទី១០ ខែមករា ឆ្នាំ២០២២នេះបានរាយការណ៍ពីការរកឃើញ COVID-19 ចំនួន១៥៧ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ដែលតួលេខនេះបានថយចុះបន្តិចបើធៀបទៅនឹងរបាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដែលមាន១៦៥ករណី។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន គណៈកម្មាធិការជាតិសុខាភិបាលចិនបានឱ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លង ១៥៧ខាងលើ ក្នុងនោះរួមមាន ៩៧ករណីជាករណីឆ្លងនៅក្នុងសហគមន៍ និង៦០ជាករណីនាំចូល។ បន្ថែមពីលើនេះ ករណីឆ្លង COVID-19 មិនចេញរោគសញ្ញាចំនួន៤២ករណីក៏ត្រូវបានរាយការណ៍ផងដែរ ខណៈដែលអ្នកជំងឺឆ្លងចេញរោគសញ្ញាចំនួន ៦៩៩នាក់កំពុងទទួលបានការព្យាបាល។
តួលេខឆ្លងប្រចាំថ្ងៃខាងលើ ធ្វើឱ្យចំនួនអ្នកឆ្លង COVID-19 សរុបនៅក្នុងប្រទេសចិន កើនដល់ ១០៣,៧៧៦នាក់ ក្នុងនោះស្លាប់ ៤,៦៣៦នាក់ គិតចាប់តាំងពីខែមករា ឆ្នាំ២០២១មក៕

ដោយ៖ធីរីណា(ប្រភពរូបថត៖Zing news)


ចែករំលែក៖