ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពង់ចាម៖ គ្រូបង្រៀនជាឪពុកម្តាយទី២ និងជាអ្នកសម្រួចអនាគតរបស់សិស្ស ដែលជាទំពាំងស្នងឬស្សី

ចែករំលែក៖

ខេត្តកំពង់ចាម៖​ ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២១-២០២២ និងទិវាដឹងគុណគ្រូបង្រៀន នៅព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២២នេះ នៅវិទ្យាល័យសីហនុ លោក អ៊ុន ចាន់ដា អភិបាលនៃអភិបាលខេត្តកំពង់ចាម បានថ្លែងថាគ្រូបង្រៀនជាឪពុកម្តាយទី២ និងជាអ្នកសម្រួចអនាគតរបស់សិស្សដែលជាទំពាំងស្នងឬស្សី។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ចាម​។ 

លោកអភិបាលខេត្ត បានថ្លែងបន្តថា ការអប់រំ និងការកសាងធនធានមនុស្សត្រូវតែឆ្លងកាត់ការបណ្ដុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀនជាឪពុកម្តាយទី២។ ប៉ុន្តែក៏ត្រូវមានកិច្ចសហការពីមាតាបិតាអាណាព្យាបាលចាស់ព្រឹទ្ធាចារ្យ និងមហាជនទូទៅក្នុងសង្គមគ្រួសារនិងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់មាតាបិតាអាណាព្យាបាលចាស់ព្រឹទ្ធាចារ្យនិងមហាជនទូទៅក្នុងសង្គមគ្រួសារនិងសង្គមជាតិទៅសិស្សនិស្សិតឱ្យដើរទៅតាមផ្លូវត្រូវ។

ជាមួយគ្នានេះយើងក៏ត្រូវទទួលស្គាល់ផងដែរថាការអប់រំមិនបានដិតដល់ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើតឱ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខផ្សេងៗ។ ដូច្នេះមាតាបិតាអាណាព្យាបាលសិស្សត្រូវជួយគ្រប់គ្រងអប់រំកូនចៅឱ្យពួកគេស្ថិតនៅក្នុងសាលារៀនស្ថិតក្នុងលំនៅដ្ឋានស្ថិតក្នុងរង្វង់នៃការកម្សាន្តជាមួយក្រុមគ្រួសារមិត្តភ័ក្រត្រឹមត្រូវដើម្បីកុំឱ្យពួកគេស្ថិតនៅក្នុងក្រុមក្មេងទំនើងដើរ មិនចូលផ្ទះមិន ចូលសាលារៀនហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈឬសាលារៀនជាដើម។

លោកអភិបាលខេត្ត បានបញ្ជាក់ថាប្រការខាងលើនេះជាកង្វល់រួមរបស់គ្រួសាររបស់រាជរដ្ឋាភិបាលនិងរបស់សង្គមជាតិទាំងមូលយើងចាំបាច់ត្រូវរួមគ្នាដើម្បីទប់ស្កាត់និងលុបបំបាត់តាមវិធានការដែលមានរួចមកហើយគឺទំនាក់ទំនងរវាងសាលារៀនគ្រួសារនិងសង្គមជាតិ។

ទន្ទឹមនេះមាតាបិតា ឬអាណាព្យាបាលសិស្សមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រកុលធីតារបស់ខ្លួនឱ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រដើម្បីជួយពង្រឹងឱ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯងមានសីលធម៌និងអាកប្បកិរិយាថ្លៃថ្នូរហើយអាចក្លាយខ្លួនជា “កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ” ដែលមានចំណេះដឹងយ៉ាងទូលំទូលាយ និងមានការអភិវឌ្ឍវិជ្ជាជីវៈ ជាមូលដ្ឋានសំខាន់បំផុតសម្រាប់ឈានទៅរកការបំពេញបន្ថែមនូវជំនាញជាន់ខ្ពស់នានាបន្ថែមទៀត ដើម្បីអនាគតរុងរឿងរបស់ពួកគេសង្គមគ្រួសារនិងជាតិទាំងមូលផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖