ខេត្តឧត្តរមានជ័យ ៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ២០២២នេះ មានប្រារព្ធពិធីប្រកាសសមាសភាពអនុគណៈកម្មការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ស្របពេលដែលប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសសប្បាយរីករាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៣ ថ្ងៃជ័យជម្នះ ៧ មករា សំខាន់គឺថ្ងៃទី១០ មករា ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។
ក្នុងពិធីប្រកាសនេះបាន ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានគណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ និង វត្តមានអញ្ជើញចូលរួមពីសំណាក់រដ្ឋលេខាធិការ,អនុរដ្ឋលេខាធិការ,អ្នក តំណាងរាស្ត្រ,ប្រធានក្រុមប្រឹក្សាខេត្ត,គណៈអភិបាល ខេត្តសៀមរាប,ខេត្តឧត្តរមានជ័យ,មេបញ្ជាការយោធ ភូមិភាគទី៤ មេបញ្ជាការកងពលធំ និងកងពលតូច និង ថ្នាក់ដឹកនាំមន្ទីរ អាជ្ញាធរក្រុង ស្រុកចូល រួមផងដែរ ។
ស្តូបឈ្នះ ឈ្នះនេះ ដែលគ្រោងសាងសង់នេះធ្វើឡើងក្នុងគោលបំណងបង្ហាញពី វប្បធម៌កត្តញ្ញូ សម្ដែងការដឹងគុណ និងការចងចាំរំឭកដល់វីរភាព ស្នាដៃ និងភាពឈ្លៀសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុសន្តិភាព បង្ហាញពីព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តជាតិ បញ្ជាក់ពីសច្ចភាពប្រវត្តិសាស្រ្តពិត ដែលបានកើតចេញលើកដំបូងនោះ គឺដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានព្រឹត្តិការណ៍ប្រវត្តិសាស្រ្តជាបន្តបន្ទាប់ និងជាទី កន្លែងសម្រាប់មនុស្សជំនាន់ក្រោយសិក្សាស្វែងយល់ប្រវត្តិសាស្ត្រពិតរបស់ខេត្តឧត្តមានជ័យ បញ្ជាក់ពីភាពពិតរបស់កូនខ្មែរ សម័យនេះ និងអំពីសមត្ថភាពចំណេះដឹង តម្លៃពិតប្រាកដនៃមគ្គុទេសក៍អ្នកដឹកនាំកម្ពុជា។
មានប្រសាសន៍ក្នុងឱកាសនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះ ឯកទេសរដ្ឋមន្ត្រី គន់ គីម ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបានធ្វើការណែនាំដល់ក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ សហការជាមួយអាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត គឺត្រូវមានគំនិតផ្តួចផ្តើមសាង សង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានរំឮកឡើងវិញផងដែរ ពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាក់ស្តែងមួយចំនួន ដែលកម្ពុជាបានជួបប្រទះ ឆ្លងកាត់ភ្នក់ភ្លើងសង្រ្គាម និង បង្កភាពមហន្តរាយ ភាពឈឺចាប់ខ្លោចផ្សារបសប្រជាជន កម្ពុជាក៏ដូចខេត្តឧត្តរមានជ័យ ដែលបានបន្សល់ស្លាកស្នាមនៅមិនទាន់រលុបបាត់អស់នៅឡើយ ។ ការបញ្ចប់ដោយជោគជ័យដោយ សន្តិវិធីចំពោះសង្រ្គាម និងការបែកបាក់ជាតិ គឺពិតជាសម្រេចបានមកដោយការលំបាកបំផុត ក៏ប៉ុន្តែការពារនូវជីវភាព សុខសន្តិភាព និង ការពង្រឹងថែមទៀតនូវវប្បធម៌សន្តិភាព ដែលសម្រេចបានមកនេះ គឺជាភារកិច្ចរឹតតែលំបាកធ្ងន់ធ្ងរណាស់ទៅទៀត ។
សម្តេពិជ័យសេនា ទៀ បាញ់ បានបន្តទៀតថាជាច្រើនជំនាន់មកហើយព្រះរាជាណាចក្រកម្ពុជាយើង ពុំធ្លាប់ទទួលបានសន្តិភាពពេញលេញ ដូចសម័យសព្វថ្ងៃនេះទេ ជួនកាលមានការបែកបាក់ទៅជា២ ជា៣ភាគី ដែលនាំឲ្យប្រទេសជាតិមានជម្លោះនឹងគ្នាឥតឈប់ឈរនាពេលកន្លងមក ។ នៅក្នុងដំណាក់កាលចុងក្រោយ គឺដោយសាររបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបាន ធ្វើឱ្យប្រទេសកម្ពុជាមានមហន្តរាយនោះ ទើបមានព្រឹត្តិការណ៍ថ្ងៃ២០ មិថុនា ១៩៧៧ ថ្ងៃ២ ធ្នូ ១៩៧៨ និងថ្ងៃ ៧ មករា ១៩៧៩ រហូតដល់ ឆ្នាំ១៩៩៨ ដែលមានការអនុវត្តនយោបាយឈ្នះ ឈ្នះ និងការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិ បណ្ឌិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ។
សម្តេចពិជ័យសេនា បានបញ្ជាក់ថា ៖សមិទ្ធផលនយោបាយឈ្នះ ឈ្នះ នាំឲ្យប្រទេសជាតិទទួល បានសន្តិភាពពេញលេញ ដែលជាកត្តាចម្បងសម្រាប់ជំរុញការ អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និង ការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងកិច្ចការតំបន់ និងអន្តរជាតិដោយជោគជ័យ និងបានប្រែក្លាយជីវភាពរស់នៅរបស់ប្រជាជនពីជីវភាពក្រីក្រ មកជាប្រជាជនមានចំណូលកម្រិតមធ្យម ។ បទពិសោធន៍ជា ប្រវត្តិសាស្រ្តជាច្រើនជំនាន់ក្នុងអតីតកាល និងសមិទ្ធផលសង្គមជាតិកន្លងមកថ្មីៗនេះ គឺជាមូលដ្ឋានដ៏សំខាន់ សម្រាប់យើងរួមសាមគ្គីគ្នា សាងសង់វិមាន ឈ្នះ ឈ្នះ នៅរាជធានីភ្នំពេញ ដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន និងស្តូប ឈ្នះ ឈ្នះ នៅខេត្តកោះកុង ដើម្បីបង្ហាញ និងរំលឹកដល់វីរភាព និង ស្នាដៃរបស់រជន ដែលបានចំណាយសាច់ស្រស់ ឈាមស្រស់ និងភាពឈ្លាសវៃរបស់ថ្នាក់ដឹកនាំក្នុងការស្វែងរកសន្តិភាព។
ការសាងសង់ស្តូបឈ្នះ ឈ្នះ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះ នឹងសាងសង់ឡើង ក្រោមការចូលរួមពីគ្រប់មជ្ឈដ្ឋានទាំងធនធានថវិកា គំនិត ប្រាជ្ញារបស់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាជន មហាជន បញ្ញវ័ន្ត និស្សិត សិស្ស ដោយមិនគិតនិន្នាការនយោបាយឡើយ ហើយសំណង់ និងតំបន់អភិវឌ្ឍនេះនឹងក្លាយទៅជាសំណង់ប្រវត្តិសាស្រ្ត រាប់រយឆ្នាំ ជាកេរមរតកក្នុងសម័យតេជោសែនសម្រាប់មនុស្សជាតិគ្រប់ជំនាន់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជា នាទិសឧត្តរ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើទេសរដ្ឋមន្ត្រី គន់ គីម និងសហការីទាំងអស់នៃអនុគណៈកម្មការសាងសង់ ស្តូបឈ្នះ ឈ្នះ បន្តយកចិត្តទុកដាក់អនុវត្តការងារឲ្យមានតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាពទាំងកិច្ចការរដ្ឋបាល ។ ខ្លឹមសារបច្ចេកទេស និងធានាតាមនីតិវិធីបានកំណត់ ហើយអនុគណៈកម្មការនេះនាំគ្នាបន្តធ្វើការអំពាវនាវ និងកៀងគរធនធាននានាដោយការស្ម័គ្រចិត្តពីសប្បុរសជន មន្ត្រីរាជការ,កង កម្លាំងប្រដាប់អាវុធព្រះសង្ឃ បញ្ញវន្ត ប្រជាជន មហា ជន សិស្សានុសិស្សទាំងអស់ ដើម្បីចូលរួមកសាងស្តូបឈ្នះ ឈ្នះនេះ ឱ្យបានរួចរាល់ជាស្ថាពរតាមការគ្រោង ទុក និងសូមបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់
ក្រសួងសុខាភិបាល ពិសេសវិធានការពារឲ្យបានជាប់ជាប្រចាំតាមការណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួង សុខាភិបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបន្តសម្របខ្លួន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ ទៅតាមគន្លងប្រក្រតីភាពថ្មី ៕
ដោយ៖ សូរិយា