ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់បានស្លាប់ភ្លាមៗ និងមនុស្ស២នាក់ទៀតរងរបួសធ្ងន់និងស្រាល ខណ:រថយន្តពាក់ស្លាកលេខ ខ.ម ដឹកដីបុកគោយន្តកន្ត្រៃដឹកអុសពីក្រោយ(មានវីដេអូ)

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យក្មេងប្រុសម្នាក់ស្លាប់ភ្លាមៗ និងមនុស្ស២នាក់រងរបួសធ្ងន់ស្រាល ខណ:រថយន្តបែនដឹកដី ពាក់ស្លាកលេខ ខ.ម បើកបរស្របទិសគ្នាមិនប្រយ័ត្ន បានទៅបុកគូទគោយន្តកន្ត្រៃដឹកអុស ពេញទំហឹង ក្រោយកើតហេតុតៃកុងរថយន្តបែនដឹកដីដាក់មេព្រូចបាត់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៧និង២៥នាទី ថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៧ ចំណុចផ្ទះ១០០ខ្នង យោធិនចូលនិវត្តន៍ ស្ថិតក្នុងភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹត្រែង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បើតាមប្រភពនៅនឹងកន្លែងកើតហេតុបាននិយាយថា: គេឃើញគោយន្តកន្ត្រៃដឹកអុសខាងលើ បើកពីកើតទៅលិច មកដល់ចំណុចកើតហេតុ គេឃើញរថយន្តធុនធំដឹកដីពណ៌ខៀវ ពាក់ស្លាកលេខ ខ.ម 01.3.2210 បោះពួយយ៉ាងលឿនមិនប្រយ័ត្ន យកចង្កូតមិនទាន់បានបុកគូទ គោយន្តកន្ត្រៃដឹកអុស ពេញទំហឹងក្រឡាប់ចាក់អុសចោលរាយពេញផ្លូវ ខ្ទាតមនុស្សចេញពីគោយន្ត បណ្តាលឲ្យក្មេងម្នាក់ស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ឯមនុស្ស២នាក់ទៀតរងរបួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់ ក្រោយកើតហេតុគេឃើញតៃកុងរថយន្ត បង្កនោះបើកទ្វាររថយន្តរត់គេចខ្លួនបាត់។ ហើយប្រភពដដែលបានបន្តថា ម្ចាស់រថយន្តបង្កខាងលើនេះដែរ ជាកម្មសិទ្ធរបស់លោកចៅសង្កាត់ស្រះឬស្សី ដែន ភារម្យ អ្នកបើកបររថយន្តបង្កនោះដែរ ឈ្មោះ ដា ជាកូនថៅកែរថយន្តនេះតែម្តង។

នេះបើតាមរបាយការណ៍ចរាចរណ៍បានបញ្ចាក់ថា: ជនរងគ្រោះទី១/ឈ្មោះ ឌឿនវែន អាយុ ១៤ឆ្នាំ បាន(ស្លាប់) ២/ឈ្មោះផាន់ខឿន អាយុ២៥ឆ្នាំ មុខរបរ កសិកររងរបួសធ្ងន់ ៣/ឈ្មោះសន ឆក អាយុ៣៥ឆ្នាំមុខរបរកសិករ រងរបួសស្រាល រស់នៅចំណុចស្រែតាប៉ាន ភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។ 

ខណ:បើកបរស្របទិសគ្នា ពីកើតទៅលិច តៃកុងរថយន្តរត់គេចខ្លួនបាត់ក្រោយកើតហេតុ ហើយប្រជាពលរដ្ឋបាននាំជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅកាន់គ្លីនិកឯកជននៅភូមិគីឡូ៨ ដើម្បីជួយសង្គ្រោះ។

ចំណែកសាកសពត្រូវបានកម្លាំងជំនាញនគរបាលចរាចរណ៍ ក្រោយវាស់វែងរួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា។

ក្រោយពិនិត្យនិងវាស់វែងរួចមក កម្លាំងជំនាញនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែងបាននាំយករថយន្តដឹកដីធុនធំ និងគោយន្តកន្ត្រៃទៅរក្សាទុកការិយាល័យនគបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់នៅពេលក្រោយ ៕

ដោយ៖ មាស សុផាត


ចែករំលែក៖