ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ឃុំខ្លួនមន្ត្រីយោធាផ្កាយ៣ ម្នាក់ពាក់ព័ន្ធក្លែងបន្លំឯកសារសាធារណៈ

ចែករំលែក៖

ភ្នំពេញ ៖ អតីតមន្ត្រីយោធាពាក់ផ្កាយ ៣ ម្នាក់ ត្រូវនគរបាលចាប់ឃាត់ខ្លួន និងនាំមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានី ភ្នំពេញ នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ ពាក់ព័ន្ធ បទល្មើស « ផ្ដើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ » ។

សូមជម្រាបជូនថា, ជនជាប់ចោទឈ្មោះ យី កុយ អាយុ ៧៣ ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរយោធា ស្នាក់នៅផ្ទះលេខ ២០៥B ដី ឡូតិ៍លេខ ៥ ផ្លូវជាតិលេខ ២ ភូមិព្រែកតានូ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ 

តាមការបញ្ជាក់ពីសមត្ថកិច្ច គឺលោក យី កុយ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួននៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ០៩:១០ នាទី នៅចំណុចមុខសាលាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីផ្ដើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៤ ។

សូមបញ្ជាក់ថា, សមត្ថកិច្ចបង្ហាញថា ការចាប់ឃាត់ខ្លួនលោក យី កុយ គឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន របស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ភ្នំពេញ។

ឥឡូវនេះសមត្ថកិច្ចបាននាំខ្លួនជនជាប់ចោទមកបង្ហាញមុខនៅអយ្យការអមសាលាដំបូងហើយ ដើម្បីអនុវត្តតាមសេចក្តីសម្រេចនៅក្នុងសាលដីការបស់សាលាឧទ្ធរណ៍។

ចំពោះពាក់ព័ន្ធករណីផ្ដើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៤ នៅមិនទាន់ដឹងពីអង្គហេតុ នៅឡើយទេ ប៉ុន្តែត្រូវឃុំខ្លួនបណ្តោះអាសន្នតាមនីតិវិធី ៕

ដោយ ៖ សិលា


ចែករំលែក៖