ព័ត៌មានទាន់ហេតុការណ៍៖

ហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ​លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល

ចែករំលែក៖

.   ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្ដីពីការហាមឃាត់ការចកចាយ ឬលក់ឱសថឈ្មោះ Actemra” Roche 400 mg/20 ml គ្មានលេខបញ្ជីកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល ។ 

ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនលោក លោកស្រី អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឱសថការីទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ និងសាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ តាមការស្រាវជ្រាវ របស់ក្រសួងសុខាភិបាលឃើញមានឱសថឈ្មោះ Actemra” Roche 400 mg/20 ml គ្មានលេខបញ្ឆិកា កំពុងដាក់លក់ នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងឱសថពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA) CO., LTD. មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ និងអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើណែនាំដូចតទៅ៖

១. សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់លោក លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី ខេត្ត ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គ្រប់គ្រឹះស្ថានលក់ឱសថទាំងអស់ឱ្យបញ្ឈប់ការលក់ឱសថគ្មានលេខបញ្ជីកា ខាងលើ ជាបន្តទៀត។

២. ភ្នាក់ងារត្រួតពិនិត្យឱសថនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ត្រូវសហការជាមួយមន្ទីរ សុខាភិបាលរាជធានី-ខេត្ត និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីតាមដានរកជនខិលខូចមកផ្តន្ទាទោស និងប្រមូលឱសថគ្មានលេខបញ្ជិកាខាងលើ មកកំទេចចោល។ 

៣. លោក លោកស្រីឱសថការីដែលទទួលខុសត្រូវបច្ចេកទេសនៃគ្រឹះស្ថានលក់ឱសថ ព្រមទាំងលោក លោកស្រីអាជីវករទាំងអស់ ត្រូវបញ្ឈប់ការចែកចាយ និងលក់ឱសថគ្មានលេខបញ្ជីកាខាងលើ ជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះគ្រឹះស្ថានលក់ឱសថ និងបុគ្គលទាំងឡាយណាដែលនៅតែ បន្តចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីកាខាងលើ តាមច្បាប់ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួប ឬប្រទះឃើញជនណាកំពុងចែកចាយឬលក់ឱសថខុសច្បាប់ខាងលើនេះ សូម បងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូម ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៣៥៥ ១៦១, ០១១ ៥៧៤ ៧៨៧, ០១២ ៩៨៣ ៣៣៤, ០១២ ៨៩២ ០២២, ០១៧ ៦០៦ ៦៧០, ០១៧ ៨៦៦ ៧៦០, ០១២ ៥៦២ ៤៤៦៕

ដោយ ៖ សិលា


ចែករំលែក៖