ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អញ្ជើញក្នុងពិធីប្រគល់-ទទួលម៉ាស៊ីនលាងឈាម ចំនួន៥គ្រឿង និងសម្ភារវេជ្ជសាស្រ្តផ្សេងៗមួយចំនួនទៀតដែលជាអំណោយរបស់សប្បុរសជនជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ម៉ាស៊ីនលាងឈាម ចំនួន៥គ្រឿង និងសម្ភារវេជ្ជសាស្រ្តផ្សេងៗមួយចំនួនទៀតដែលជាអំណោយរបស់សប្បុរសជនជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

   សូមបញ្ជាក់ថា កាលពីម្សិលមិញ នៅព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ខ្ញុំសូមធ្វើការប្រកាសក៏ដូចជាអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺសូមបងប្អូនប្រជាពលរដ្ឋ ពូ អ៊ំ មា មីង ទាំងអស់អញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ អ្នកដែលមិនទាន់ចាក់ដូសទី១ សូមអញ្ជើញមកចាក់ អ្នកមិនទាន់បានចាក់វ៉ាក់សាំងដូសទី២ក៏អញ្ជើញមកចាក់ ពីព្រោះមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធររាជធានី-ខេត្តទាំង២៥ លោកបានចាត់ចែងរៀបចំចាត់តាំងទីតាំងចាក់ជូនដល់បងប្អូនយើងនៅគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះសូមអញ្ជើញបងប្អូនយើងមកចាក់វ៉ាក់សាំងគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ដើម្បីពង្រឹងនូវកងការពាររបស់ខ្លួន ជាពិសេសក្នុងបរិបទប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ។ 

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា បន្ថែមលើនេះទៀតខ្ញុំសូមអនុញ្ញាត អំពាវនាវទៅដល់បងប្អូនដែលមានបញ្ហាជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីដែលបំបៅកូនដោយទឹកដោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់គ្នា ពីព្រោះក្រុមនេះគឺជាក្រុមដែលត្រូវការទទួលយកនូវវ៉ាក់សាំង កូវីដ-១៩ ជាពិសេសអស់លោកចំពោះការចាក់ដូសជំរុញ ឬដូសទីបីរបស់យើងនេះ។ ដូច្នេះខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចាក់នៅតាមទីតាំងមន្ទីរពេទ្យរដ្ឋរបស់យើង មន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្តក៏ដូចជាមណ្ឌលសុខភាពដែលមានទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ។ 

   ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា កម្ពុជាបានរកឃើញករណីឆ្លងអូមីក្រុង ចំនួន៣៤ករណីបន្ថែមទៀតក្នុងនោះ១០ ករណីជាករណីក្នុងសហគមន៍ ហើយ២៤ករណីនាំចូល។ 

   ថ្លែងតាមរយៈសារសំឡេងមានរយៈពេល៨នាទី សម្តេចតេជោបានលើកឡើងថា វិធានការចាំបាច់នាពេល នេះគឺ ៣កុំ ៣ការពារ និងជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញដើម្បីធានាថាសហគមន៍មានភាពរឹងមាំ សូមឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងអស់គ្នា។ 

   សម្ដេចក៏បានបញ្ជាក់ផងដែរថា៖ «គណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំងបានចែកជូនវ៉ាក់សាំងទៅតាមបណ្តាខេត្តរួចទៅហើយដែរ ។  វ៉ាក់សាំង ប្រភេទណាក៏ដោយតម្រូវការបញ្ហាសំខាន់គឺត្រូវមានគ្រប់គ្រាន់ដើម្បីចាក់បន្ថែមលើនោះ អ្វីដែលសំខាន់ជាងគេនោះគឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹង និងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឱ្យបានគ្រប់ៗគ្នានូវដូសជំរុញដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹង មេរោគបំប្លែងថ្មីនេះ» ។

   ទោះបីយ៉ាងណាក៏ដោយសម្ដេចក៏បានបញ្ជាក់ថា លក្ខខណ្ឌនៃការទទួលបានដូសទីបីគឺត្រូវតែជាលក្ខខណ្ឌដែលអនុវត្តទៅតាមស្តង់ដារសុខាភិបាលដែលបានបញ្ជាក់ គឺបួនខែក្រោយពីទទួលដូសទីពីរ បើមិនទាន់បានបួនខែទេគឺអាជ្ញាធរសុខាភិបាលឬគ្រូពេទ្យនឹងមិនទទួលចាក់ជូនទេ ព្រោះមិនធានានូវសុវត្ថិភាព។

ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២៖

-លើប្រជាជនអាយុពី១៨ឆ្នាំឡើងមាន ១០១,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

-លើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៩៩,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨នាក់។ 

-លើកុមារអាយុពី០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ១,៨៩៧, ៣៨២ នាក់។

-លើកុមារអាយុ០៥ឆ្នាំ មាន១០១,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប១៦លាន​នាក់​ មាន ៨៩,៣០% ៕

ដោយ ៖ សិលា


ចែករំលែក៖