ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានរុស្ស៊ីបោសសម្អាតក្រុមឧទ្ទាមនៅកាហ្សាក់ស្ថាន ដោយប្រើពេលតែមួយម៉ោងប៉ុណ្ណោះ

ចែករំលែក៖

ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះកម្លាំងទាហានរុស្ស៊ីបានបោសសម្អាតបណ្តេញក្រុមជ្រុលនិយមដែលបានព្យាយាមគ្រប់គ្រងទីតាំងយោធានៅក្នុងប្រទេសកាហ្សាក់ស្ថាន ដែលជាសកម្មភាពប៉ុនប៉ងធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនេះ។
ក្នុងរយៈពេលមិនដល់មួយម៉ោងផងកម្លាំងទាហានរុស្ស៊ីដែលបានបញ្ជូនទៅជួយដល់ប្រទេសកាហ្សាក់ស្ថានបានបណ្តេញក្រុមឧទ្ទាម ដោយបានចាប់ខ្លួននិងបាញ់សម្លាប់ជាច្រើននាក់ ខណៈដែលក្រុមឧទ្ទាមទាំងនោះព្យាយាមតទល់ជាមួយកម្លាំងទាហានរុស្ស៊ី។ ក្រុមជ្រុលនិយមនៅក្នុងប្រទេសនេះបានព្យាយាមដណ្តើមគ្រប់គ្រងឃ្លាំងអាវុធ ទីតាំងយោធា ដើម្បីប្រើប្រាស់សម្រាប់ការវាយប្រហារទៅលើកម្លាំងសន្តិសុខរបស់រដ្ឋាភិបាល។ ប៉ុន្តែកម្លាំងទាហានបានទៅជួយធ្វើអន្តរាគមន៍ទាន់ពេលវេលា ។
សកម្មភាពរបស់រុស្ស៊ីនៅក្នុងប្រទេសកាហ្សាក់ស្ថានដែលជាអតីតសហភាពសូវៀតទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីអាមេរិក ប៉ុន្តែទទួលបានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលទីក្រុងប៉េកាំង ។ កាលពីថ្ងៃទី១០ខែមករា ចិនបានប្រកាសគាំទ្រប្រទេសរុស្ស៊ីក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិសុខចូលទៅកាន់ប្រទេសកាហ្សាក់ស្ថាន ដើម្បីទប់ស្កាត់ភាពចលាចល។
ការគាំទ្រពីសំណាក់ចិនខាងលើនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនៃការបើកកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទរវាងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) នឹងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov កាលពីយប់ថ្ងៃចន្ទ ដោយសមភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហានៅកាហ្សាក់ស្ថានជាចម្បង។
ចិនក៏បានសម្តែងការគាំទ្រម្តងទៀត ទៅនឹងចំណាត់ការនានា ដោយប្រធានាធិបតីកាហ្សាក់ស្ថានផងដែរ ជាពិសេសគឺការទប់ស្កាត់ សកម្មភាពភេរវកម្ម ដែលបង្កឱ្យមានភាពចលាចលនៅប្រទេសជិតខាងចិនមួយនេះ។ លោក វ៉ាង យី បានសង្កត់ធ្ងន់ថា ចិន និងរុស្ស៊ី គួរតែប្រឆាំងចំពោះកម្លាំងពីខាងក្រៅ ដែលចូលមកលូកលាន់កិច្ចការផ្ទៃក្នុងនៃបណ្តាប្រទេសអាស៊ីភាគកណ្តាល ព្រមទាំងរួមគ្នាទប់ស្កាត់ «បដិវត្តន៍ពណ៌» ផងដែរ។
អគាររដ្ឋាភិបាលកាហ្សាក់ស្ថាននៅទូទាំងប្រទេស ជាពិសេសគឺនៅក្នុងរដ្ឋធានីអាល់ម៉ាធី (Almaty) ផ្ទាល់តែម្តង ត្រូវបានក្រុមកុបករចូលលុកលុយ និងដុតបំផ្លាញនៅក្នុងសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២ នេះ។ រដ្ឋាភិបាលកាហ្សាក់ស្ថានបានស្តីបន្ទោសទៅលើកម្លាំងមកពីខាងក្រៅ ដែលបានចូលមកបញ្ឆេះស្ថានការណ៍ឱ្យកាន់តែក្តៅគគុក ទើបខ្លួនសម្រេចចិត្តស្នើកងកម្លាំងរុស្ស៊ីឱ្យចូលមកជួយស្តារស្ថិរភាពឡើងវិញ ស្របតាមសន្ធិសញ្ញាសន្តិសុខរួម៕ ដោយ៖ធីរីណា

រូបថត៖kienthuc.net.vn


ចែករំលែក៖