ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសចូលកាន់មុខតំណែង ក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរចនាសម្ព័ន្ធតាមបណ្តាមន្ទីរវិស័យចំនួន ៤៨រូប នៅខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្ត លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាយករងរដ្ឋបាល នាយកទីចាត់ការសាលាខេត្ត អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអង្គភាពជុំវិញខេត្ត និងនាយកសាលាអនុវិទ្យាល័យ សាលាបឋមសិក្សាក្នុងខេត្តស្ទឹងត្រែងសរុបចំនួន ៤៨រូប។ 

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់អង្គភាពចំណុះសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ តាមបណ្តាមន្ទីរវិស័យ នាយកសាលាអនុវិទ្យាល័យ សាលាបឋមសិក្សា និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។

លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា លោក លោកស្រីដែលបាន ប្រកាសតែងតាំងឲ្យចូលកាន់មុខតំណែងសម្រាប់តួនាទីថ្មី ត្រូវខិតខំរួមគ្នាដើម្បីបន្តពង្រឹង ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាល។

លោកបានបញ្ជាក់បន្ថែមថា គ្រប់មន្រ្តីដែលស្ថិតក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរចនាសម្ព័ន្ធតាមបណ្តាមន្ទីរវិស័យទាំងអស់ ត្រូវរៀបចំដាក់ចេញនូវផែនការសកម្មភាពតាមលក្ខខ័ណ្ឌការងារ និងតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្ត ក្នុងការឆ្លើយតាមទៅនឹងគោលបំណង គោលដៅយុទ្ធសាស្ត្រ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្រចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបគិតបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឆ្នើម និងដ៏ពិសិដ្ឋនៃកម្ពុជា។ ជាពិសេស គឺការគោរពប្រតិបត្តិតាមអភិក្រមរបស់សម្តេចតេជោឲ្យបានខ្ជាប់ខ្ជួន ដែលរួមមាន “ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល ព្យាបាល និង វះកាត់”។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អភិបាលខេត្ត ជំរុញដល់មន្ត្រីទាំងអស់ត្រូវសិក្សាស្វែងយល់ពីលិខិតបទដ្ឋាននានាពាក់ព័ន្ធ និងតួនាទីភាកិច្ចរបស់ខ្លួន បង្កើនកិច្ចសហការល្អតាមផ្នែកជំនាញនីមួយៗឲ្យបានល្អប្រសើរក្នុងការបំពេញភារកិច្ចដោយឈរលើស្មារតីទទួលខុសត្រូវ ស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តគោលការណ៍ច្បាស់លាស់ និងភាពម្ចាស់ការ ព្រមទាំង ត្រូវយកចិត្តទុកដាក់ បន្តលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដើម្បីធានាបាននូវការអនុវត្តតួនាទី ភារកិច្ចប្រកបដោយសក្តានុពល និងសីលធម៌វិជ្ជាជីវៈខ្ពស់ ដោយត្រូវតម្កល់ប្រយោជន៍រួមរបស់អង្គភាពជាអាទិភាព៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖