ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើងបន្តបាញ់សាកល្បងមីស៊ីលសាជាថ្មី

ចែករំលែក៖

កូរ៉េខាងត្បូង និងជប៉ុន នៅព្រឹកថ្ងៃទី១១ខែមករា បានប្រកាសថាកូរ៉េខាងជើងបានបន្តបាញ់សាកល្បងមីស៊ីលជាថ្មី។ នេះជាលើកទីពីរហើយ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ផងដែលកូរ៉េខាងជើងបានសាកល្បងមីស៊ីល។
កម្លាំងទាហានកូរ៉េខាងត្បូងបានឱ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលចូលទៅកាន់តំបន់សមុទ្រ ស្ថិតនៅតំបន់ភាគខាងកើតប្រទេសនេះ។ ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងការពារដែនសមុទ្រជប៉ុនក៏បានប្រកាសថា កូរ៉េខាងជើងបានបាញ់មីស៊ីលនៅព្រឹកថ្ងៃទី ១១ខែមករា ។
កាលពីថ្ងៃទី៦ ខែមករា សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា ប្រទេសកូរ៉េខាងជើងទើបតែបានបាញ់សាកល្បងមីស៊ីលល្បឿនលឿន ។ ការបាញ់សាកល្បងនោះកើតឡើងក្រោយប្រមុខដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុនបានសន្យាថានឹងពង្រឹងសមត្ថភាពការពារជាតិ ខណៈដែលស្ថានភាពសន្តិសុខអន្តរជាតិកាន់តែអាក្រក់។
កន្លងមកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានប្រកាសថា នឹងខិតខំក្នុងរយៈពេលចុងក្រោយនៃអាណត្តិរបស់លោក ដើម្បីស្វែងរកសន្ធិសញ្ញាសន្តិភាពជាមួយកូរ៉េខាងជើង បញ្ចប់សង្គ្រាមឧបទ្វីប ដែលបានកើតឡើងកាលពីឆ្នាំ១៩៥០ និងបញ្ចប់ទៅនៅឆ្នាំ១៩៥៣ ដោយកិច្ចព្រមព្រៀងឈប់បាញ់ ។ ទាំងនោះហើយទើបប្រទេសទាំងពីរស្ថិតនៅក្នុងដំណាក់កាលនៃសង្គ្រាមដដែល ក្នុងរយៈពេល៧០ឆ្នាំកន្លងមក៕ ដោយ៖ធីរីណា

រូបថត៖Anadolu


ចែករំលែក៖