ភ្នំពេញ៖ មានការភ្ញាក់ផ្អើលជាខ្លាំងនៅមុននេះក្រោយពីគេទទួលបានដំណឹងថា អតីតតារាចម្រៀងល្បីឈ្មោះកាលពីជិត២០ឆ្នាំមុន គឺលោក ជា ដេវីត ដែលស្ងាត់បាត់មុខពីវិស័យសិល្បៈនោះ ពេលនេះបានទទួលមរណភាពបាត់ទៅហើយកាលពីយប់មិញនេះ។ ដំណឹងនេះបានបង្កើតឱ្យមានការភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈ បន្ទាប់ពីប្អូនប្រុសបង្កើតរបស់លោកជា ដេវីត គឺលោក ជា វណ្ណារិទ្ធិ បានបង្ហោះសារដ៏ក្រៀមក្រំមួយនេះ។
តាមរយៈសារដែលត្រូវបានពិធីករលោកជា វណ្ណារិទ្ធិ បានបញ្ជាក់គែបានលើកឡើងថា «ដោយក្តីអាឡោះអាល័យ អាណិតបំផុត ។ ចុងឆ្នាំ២០២១ និង ដើមឆ្នាំ២០២២ គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ពេលនេះបងប្រុសខ្ញុំដែលបងប្អូនធ្លាប់ស្គាល់ថាជាអតីតតារាចម្រៀង ជា ដេវីត បានទទួលមរណភាពហើយ ដោយជំងឺ។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំឱ្យអភ័ព្វដូចជាតិនេះទៀត សូមឱ្យកម្មពៀរទាំងឡាយរសាយអស់ត្រឹមជាតិនេះចុះ»។
ទស្សនិកជន និងមិត្តរួមអាជីពដែលបានឃើញសារដ៏ក្តុកក្តួលនេះបានថ្លែងអារម្មណ៍សោកស្តាយជាពន់ពេកនូវការបាត់ដំណឹងឈឹងរបស់តារាចម្រៀងរូបនេះប៉ុន្តែបែរជាពេលនេះទទួលដំណឹងចុងក្រោយថាលោកបានទទួលមរណភាពទៅវិញ។ ជាមួយគ្នានេះដែរសារព័ត៌មានរបស់យើងក៏សូមចូលរួមរំលែកទុក្ខ ជាមួយក្រុមគ្រួសារលោកជា សុវណ្ណារិទ្ធិ ដែលបានបាត់បង់បងប្រុស និងសមាជិកជាទីគោរពស្រឡាញ់។ សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក ជា ដេវីត សូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ផងដែរថា ប្រមាណជិត២០ឆ្នាំ មុន លោក ជា ដេវីត គឺជាតារាចម្រៀងបែបយុវវ័យស្រស់សង្ហាម្នាក់ ដែលតែងបង្ហាញមុខច្រៀងនៅលើឆាកប្រគំតន្ត្រីចុងសប្តាហ៍របស់ទូរទស្សន៍នានា ពិសេសទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍លេខ៥ជាដើម ហើយលោកក៏ធ្លាប់បានច្រៀងជាប្រចាំនៅភោជនីយដ្ឋាន និងរង្គសាលទន្លេសាប ផងដែរ៕
ដោយ ៖ វឌ្ឍនា