ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដោយចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ 

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេច : 

 ប្រការ ១.、 គោលបំណង

ប្រកាសនេះ មានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារជា មូលដ្ឋានដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ប្រការ ២.、វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលធ្វើការផ្គត់ផ្គង់ក្នុងស្រុកនូវ ទំនិញដែលជាអាហារជាមូលដ្ឋានសម្រាប់ចិញ្ចឹមជីវិតប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ប្រការ ៣.、និយមន័យ

សម្រាប់គោលដៅនៃប្រកាសនេះ “អាហារជាមូលដ្ឋាន” សំដៅដល់បណ្តាមុខទំនិញមួយចំនួនដែលចាំបាច់

សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ដូចខាងក្រោម+

– សាច់សត្វចិញ្ចឹម មានជាអាទិ៍ សាច់គោ ពពែ ចៀម ជ្រូក មាន់ ទា ទោះបីមានលក្ខណះជាសាច់ស្រស់ ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ

– ស៊ុតសត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ឬកែច្នៃតាមវិធីផ្ទាប់ឬឆ្អើរ

– ត្រីទឹកសាបនិងទឹកប្រៃគ្រប់ប្រភេទ រួមទាំង បង្កង បង្គា កំពីស ក្ដាម និងសិប្បិជាតិគ្រប់ប្រភេទទោះបីមានលក្ខណះជាសាច់ស្រស់ឬកែច្នៃតាមវិធីប្រឡាក់ឬឆ្អើរ 

– ស្ករគ្រប់ប្រភេទ ដែលមិនមានលក្ខណៈជាស្ករគ្រាប់

– អំបិលគ្រប់ប្រភេទ

– ទឹកត្រីនិងទឹកស៊ីអ៊ីវគ្រប់ប្រភេទ។

ប្រការ ៤、 ការកំណត់អាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ

ត្រូវបានកំណត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុកនូវអាហារជាមូលដ្ឋាន ដូចមាន ចែងក្នុងប្រការ ៣ នៃប្រកាសនេះ សម្រាប់រយៈពេល ២ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ សម្រាប់គោលដៅនៃប្រការនេះ ការចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម មិនរាប់បញ្ចូលការ ផ្គត់ផ្គង់ម្ហូបអាហារដោយភោជនីយដ្ឋានឡើយ។

ប្រការ ៥. ការអនុវត្ត

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នាយកខុទ្ទកាល័យ អគ្គលេខាធិការ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃអគ្គនាយកដ្ឋាន ឬអគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋានអត្តាធិការនៃអគ្គាធិការដ្ឋាន និងប្រធានអង្គភាពក្រោម ឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖