ខេត្តកំពង់ចាម ៖ លោក អុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាមបានឱ្យដឹងថា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង០១៖០០នាទីរសៀល ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍វាលវង់ថា មានករណីមនុស្សប្រុសចងកនៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានរួចមក ផ្នែកជំនាញបានចុះដល់កន្លែងកើតហេតុនិងបានបង្កើតគណៈកម្មការដែលមានសមាសភាពចូលរួមពីជំនាញបច្ចេកទេសខេត្ត, ជំនាញព្រហ្មទណ្ឌនិងជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងកំពង់ចាម, កម្លាំងនគរបាលប៉ុស្តិ៍វាលវង់, លោកគ្រូពេទ្យខេត្ត, ក្រុមប្រឹក្សាសង្កាត់វាលវង់និងក្រុមគ្រួសារសព ។
លោកអធិការបានឱ្យដឹងបន្តថា ស្ថានភាពកន្លែងកើតហេតុយើងពិនិត្យឃើញបន្ទប់កើតហេតុលេខ 4A ផ្ទាល់ដីទំហំ ៣មx ៥ម បែរមុខទៅទិសខាងត្បូងទ្វារចំហ ក្នុងបន្ទប់រៀបជាបន្ទប់ខារ៉ាអូខេ(បើករូបភាព)តាមលេខ១ ទ្វារបន្ទប់កើតហេតុឃ្លាតពីលេខ១ទៅទិសខាងជើងឆៀងខាងកើតចម្ងាយ១.៨០ម ជណ្ដើរដែកដឺរ៉ាបត់កម្ពស់១.៦០ម។ ជនរងគ្រោះជាន់ឡើងតាងលេខ២ ដោយពិនិត្យឃើញសាកសពព្យួរ.កដោយខ្សែភ្លើងពណ៌សភ្ជាប់នឹងស្រយ៉ូវដែកជាប់ដំបូលចំកណ្ដាលបន្ទប់។ខ្សែចំណងផ្នែកខាងក្រោយកងាកទៅទិសខាងត្បូង ហើយជើងខាងឆ្វេងជាប់លើកាំជណ្តើរទី១ ជើងស្ដាំសណ្តូកចុះក្រោមស្របតាមដងខ្លួនសងខាង។ ជនរងគ្រោះពាក់អាវយឺតពណ៌លឿងដៃខ្លីមានសភាពធម្មតា ស្លៀកខោជើងវែងពណ៌ប្រផេះមានសភាពធម្មតា ពាក់ស្បែកជើងប៉ាតាពណ៌ខ្មៅចងខ្សែធម្មតា ពាក់ម៉ាស់ពណ៌ខៀវ ពីការ៉ូទៅខ្សែចំណងកកម្ពស់១.៩០ ម ពីការ៉ូទៅខ្សែចំណងលើ ២.៦០ម។ សពត្រូវបានសមត្ថកិច្ចយើងកាត់ទម្លាក់មកក្រោម ។
ចំណែកសពឈ្មោះហោ ឈឿន ហៅសល់ ភេទប្រុស អាយុ៥៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានស្រុកកំណើតនៅភូមិក្របៅ ឃុំក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ សពមានសម្បុរសណ្ដែកបាយ សក់ខ្លីពណ៌ខ្មៅកម្ពស់១.៦០ម។
លោកអធិការបានបញ្ជាក់ថា ផ្អែកតាមការពិនិត្យសាកសព គឺផ្នែកក្បាល មុខក្រោយពុំមានរបួសស្នាមឬបាក់បែកឆ្អឹងអ្វីឡើយ ផ្នែកកស្នាមជាំក្រហមទ្រុឌរង្វង់កទំហំ២សម×៣២សម ផ្នែកដងខ្លួន ពុំមានរបួសស្នាមឬបាក់បែកឆ្អឹងអ្វីឡើយ ផ្នែកអវយវៈពុំមានរបួសស្នាមឬបាក់បែកឆ្អឹងអ្វីឡើយ ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ផ្អែកតាមការបំភ្លឺរបស់ឈ្មោះឌី ស្រីតូច ភេទស្រី អាយុ ២២ឆ្នាំ បានឱ្យដឹងថា កន្លងមកខ្លួនស្គាល់ពូម្នាក់ឈ្មោះសល់ ភេទប្រុស អាយុជាង៥០ឆ្នាំ ជាអ្នកមើលការខុសត្រូវផ្ទះជួលដែលខ្លួនស្នាក់នៅ ហើយមកដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៧ល្ងាចពេលដែលខ្លួនមកពីលេងផ្ទះបងប្អូននៅកំពង់រលីងវិញ ខ្លួនបានឃើញពូសល់កំពុងដើរនៅក្នុងបរិវេណផ្ទះជួលនិងកំពុងលេងទូរស័ព្ទដោយទឹកមុខស្លេកស្លាំង។ពេលនោះខ្លួនបានហៅសួរនាំគាត់តែគាត់មិនបានតបសម្ដីជាមួយខ្លួនមួយម៉ាត់ឡើយ។ រហូតដល់ម៉ោង១២យប់ថ្ងៃខែឆ្នាំដដែល ខ្លួនកំពុងអង្គុយលេងនៅក្នុងបរិវេណបន្ទប់ជួលខាងក្រៅ ពូសល់បានដើរមកក្បែរខ្លួនអង្គុយជិតហើយចាក់ចង្កេះខ្លួនលេងតែគាត់មិននិយាយស្ដីជាមួយខ្លួនឡើយហើយគាត់បន្តអង្គុយក្បែរនិងចុចទូរស័ព្ទលេង។ បន្ទាប់ពីអង្គុយលេងបានកន្លះម៉ោងមកគាត់ក៏បានដើរចូលទៅសម្រាកបាត់ទៅ។ លុះមកដល់ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ វេលារសៀលម៉ោងប្រហែល១ៈ០០នាទីជាង ពេលដែលខ្លួនកំពុងសម្រាកនៅក្នុងបន្ទប់ស្រាប់តែខ្លួនបានឮសំឡេងស្រែករបស់ឈ្មោះឆៃ ភេទប្រុស អាយុ១៤ឆ្នាំមានផ្ទះនៅក្បែរផ្ទះជួលពួកខ្លួន ហើយឧស្សាហ៍មកលេងជាមួយពូសល់ជាប្រចាំនោះបានស្រែកថាពូសល់ចងក! ពេលឮសំឡេងឈ្មោះឆៃ ស្រែកបែបនេះ ពួកខ្លួនដែលមានបន្ទប់ជួលជិតគ្នានោះបាននាំគ្នាចេញមកនិងនាំគ្នាទៅមើលបានឃើញពូសល់ចងកទាំងមិនដឹងមូលហេតុ ហើយពួកខ្លួនក៏បានទាក់ទងទៅនគរបាលចុះមកធ្វើអន្តរាគមន៍តែម្ដង។
លោកអធិការ អុឹង ប៊ុនបានបញ្ជាក់ថា តាមយោបល់គ្រូពេទ្យ សពស្លាប់ដោយសារស្ទះផ្លូវដង្ហើមដោយខ្សែចំណងរឹតក។
ការសន្និដ្ឋានតាមការពិនិត្យកន្លែងកើតហេតុសាក្សីបំភ្លឺ យោបល់គ្រូពេទ្យ សមត្ថកិច្ចយើងសន្និដ្ឋានបានថា សាកសពស្លាប់ដោយសារចងកធ្វើអត្តឃាតដោយខ្លួនឯង ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ ។
តាមបញ្ជាលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានឱ្យគណៈកម្មការយើងប្រគល់សពឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ វណ្ណៈ