ខេត្តបាត់ដំបង៖ ពលករខ្មែរចំនួន១២៤នាក់ទៀតតត្រូវបានអាជ្ញាធរថៃចាប់បានបញ្ជូនឲ្យត្រឡប់មកកម្ពុជាវិញតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ នេះ។
នេះបើតាមការឲ្យដឹងពីការិយាល័យផ្សព្វផ្សាយអប់រំនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីម្សិលមិញ។
តាមការរាយការណ៍នោះបញ្ជាក់ឲ្យដឹងថាពលករខ្មែរដែលអាជ្ញាធរថៃបញ្ជូនមកកម្ពុជាវិញ សរុបមានចំនួន១២៤នាក់ក្នុងនោះមានស្រី៤៩នាក់និងក្មេង២២នាក់ ។ ពលករទាំងនោះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការសួរនាំបន្ទាប់ពីមកដល់កម្ពុជាដោយកត់ឈ្មោះចុះកំណត់ហេតុនិងអប់រំណែនាំអំពីវិធានការការពារការឆ្លងជំងឺកូវីដ១៩ រួចក្រុមគ្រូពេទ្យបានធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ តែអវិជ្ជមានទាំងអស់។
ក្នុងចំណោមពលករទាំង១២៤នាក់ បានចាក់វ៉ាក់សាំងចំនួន៩២នាក់(ស្រី៣៦នាក់និងក្មេង១៦នាក់)ចំណែកពលករចំនួន៣២នាក់ដែលមិនបានចាក់វ៉ាក់សាំង(ស្រី១៣នាក់និងក្មេង៦នាក់)ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ស្រុកសំពៅលូន ។ តាមការឲ្យដឹងពីពលករចំណាកស្រុកទាំងនោះថា ការធ្វើចំណាកស្រុកខុសច្បាប់ពេលនេះ គឺធ្វើឡើងនៅតាមច្រករបៀងតូចៗនៃព្រំដែនប្រទេសទាំងពីរហើយភាគច្រើនគឺពលករត្រូវបានមេខ្យល់បញ្ចុះបញ្ចូលឲ្យទៅរកការងារធ្វើវិញនៅប្រទេសថៃ។
តែបើតាមអាជ្ញាធរខេត្តព្រំដែនជាប់ប្រទេសថៃបានអះអាងថា បើទោះបីជាពលករអាចឆ្លងដែនទៅដល់ទឹកដីប្រទេសថៃ ក៏ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញជាបបន្តបន្ទាប់ដដែលជាដដែលទេ ព្រោះប្រទេសគេកំពុងពង្រឹងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ បម្លែងថ្មី៕
ដោយ ៖ ប្រាថ្នា